ដោយៈ ភ្នំខៀវ / បាត់ដំបងៈ មន្ត្រីជំនាញ សម្រេចបើកទ្វារទឹកមួយភាគ ដើម្បីបន្ធូរកម្ពស់ ទឹក បញ្ចៀសការជន់លិចលំនៅឋានប្រជាពលរដ្ឋ នៅប៉ែកខាងលើ អាងកំពីងពួយ។

លោក ស្រេង សុខា អភិបាលស្រុកបាណន់ បានប្រាប់ឲ្យដឹង នៅថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា រយៈពេលចុងក្រោយនេះ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម បានបិទទ្វារទឹក តាមបច្ចេកទេស ដើម្បីស្តុកទឹកឲ្យមានបរិមាណ ២០០ លានម៉ែត្រគូប ហេតុដូចនេះ ទើបនាំឲ្យមានផលប៉ះពាល់ ជន់លិចលំនៅឋាន ផ្លូវថ្នល់ រួមទាំងដំណាំស្រូវ មូយចំនួនផងដែរ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ មក ។

លោក ស្រេង សុខា បានបញ្ជាក់បន្តថា ស្របគ្នាជាមួយការបិទទ្វារ រក្សាបរិមាណទឹក ក្នុងកម្រិតកម្ពស់ស្តង់ដាបច្ចេកទេស បានធ្វើទឹកភ្លៀងជន់ខ្លាំងឡើងៗ នៅជុំវិញតំបន់ជាប់ មាត់អាង ផ្នែកខាងលើ ទើបមន្ត្រីជំនាញធនធានទឹក បានសម្រេចបើកទ្វារទឹកខ្លះឡើង វិញ នៅថ្ងៃទី ១ ខែវិច្ឆកា ឆ្នាំ២០២៣ នេះ ដើម្បីបន្ធូរបញ្ហាទឹកជន់លិច ដោយសារភ្លៀង បានធ្លាក់ជាប់ៗគ្នា ចាប់តាំងពីដើមខែតុលា កន្លងមកនេះ។

គួររម្លឹកថា ថ្មីៗកន្លងមកនេះ ទឹកភ្លៀងបានធ្លាក់ជោកជាំ ពិសេសនៅតំបន់នាងឡេម តំបន់ព្រៃព្រាល និងតំបន់ជាប់គ្នាផ្សេងទៀត ក្នុងភូមិសាស្ត្រស្រុកបវេល ទើបបរិមាណទឹក បានហូរស្រុងចុះមកផ្នែកខាងក្រោម ក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ហើយបានជន់លិចផ្ទះ របស់ប្រជាពលរដ្ឋ អស់ចំនួន ២៧១ខ្នង និងបាន ប៉ះពាល់លិចផ្លូវថ្នល់ ដំណាំស្រូវ ដំណាំរួមផ្សំជាង ១០០ ហិកតា ផ្សេងទៀត៕ V / N