មនុស្ស​ប្រុស​ស្រី​៣​នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ជិះ​ម៉ូតូ​បុក​រថយន្ដ​ឈប់​ស្ងៀម​ពីក្រោយ​

901
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: យុវជន​២​នាក់​និង​នារី​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ បន្ទាប់ពី​ជនរងគ្រោះ​ទាំង​៣​នាក់​បាន​ជិះ​ម៉ូតូ​រួមគ្នា ម៉ាក​ហុ​ដា​ឌ្រី​ម​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ ហើយ​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ទៅបុក​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ខៀវ ដែល​ឈប់​នៅ​ស្ងៀម ក្រោយពី​កើតហេតុ​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។ ហេតុការណ៍​គ្រោះថ្នាក់​ច​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​១០និង​១០​នាទី យប់ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​ព្រៃ​ក្មេង ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បាន​និយាយថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​នឹង​រថយន្ត​ខាងលើនេះ គឺ​ក្នុងទិសដៅ​ស្របគ្នា​ពី​ទិស​លិចទៅ​ទិស​កើត​។

​សមត្ថកិច្ច​បាន​បន្តថា រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3A 9363 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​កើតហេតុ​ម្ចាស់​រថយន្ត​រត់​បាត់​។ ចំណែក​ម៉ូតូ​ម៉ាក​ហុ​ដា​ឌ្រី​ម​ឆ្នាំ​២០១៧​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1AA 6561 ជិះ​ឌុប​គ្នា​ចំនួន​៣​នាក់ បាន​ស្លាប់​ភ្លាមៗ ទាំងអស់គ្នា​តែម្តង​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនរងគ្រោះ​ទាំង​៣​គឺមាន​ទី​១ ឈ្មោះ ប៉ោ ឈី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​ជា​អ្នកបើកបរ​) រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​, ចំណែក​អ្នករួមដំណើរ​២​នាក់​ពី​អ្នក​ទៀត​គឺមាន​ឈ្មោះ សៀង រ៉ាស៊ី ភេទ​ស្រី អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិ​ពួក​ចាស់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប និង​ម្នាក់ទៀត​ឈ្មោះ យួន អេ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មកដល់​គោលដៅ​កើតហេតុ ហើយ​បានប្រគល់​សាកសព​ជនរងគ្រោះ ឲ្យ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ចំណែក​វត្ថុតាង​មាន​រថយន្ត និង​ម៉ូតូ ត្រូវបាន​យម​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ដើម្បី​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម