ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ លោក Oleg Starynskyi គ្រូបង្វឹកក្រុមភ្នំពេញ ក្រោន បានរៀបចំសេណារីយោ សម្រាប់ការប្រកួតក្រៅដី តទល់ជាមួយក្រុមខ្លាំង Macarthur FC នៅលើទឹកដីអូស្ដ្រាលី ថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។
ក្រុម Macarthur FC របស់អូស្ដ្រាលី បានចាញ់ភ្នំពេញក្រោន ០ទល់៣ ក្នុងព្រឹត្តិការណ៍ AFC Cup 2023/ 2024 ថ្ងៃទី ២៦ តុលា លើទឹកដីកម្ពុជា។
លោក Oleg បាននិយាយថា នេះជាការឈានទៅមុខដ៏សំខាន់ សម្រាប់បាល់ទាត់ កម្ពុជា ដែលឲ្យយើងយល់ថា យើងអាចប្រជែងនិងលេងបានជាមួយពួកគេ។ លោក សង្ឃឹមថា កូនក្រុមរបស់លោក នឹងធ្វើឲ្យលោក កាន់តែមានភាពជឿជាក់ ដើម្បីទទួល បានសមិទ្ធផលបន្ថែមទៀត ក្នុងជំនួបជើងទី២ នាថ្ងៃទី ៩ វិច្ឆិកា ខាងមុខនេះ។
លោកទទួលស្គាល់ថា ការប្រកួតនៅអូស្ដ្រាលី គឺជាការប្រកួតដ៏លំបាក សម្រាប់ពួកយើង ហើយវាជាការសាកល្បង ពិតប្រាកដមួយ។ យើងត្រូវការរៀបចំពេលវេលាធ្វើដំណើរ និងការផ្លាស់ប្ដូរ មួយចំនួន ដើម្បីត្រៀមការប្រកួតនេះ។
ទោះបី ភ្នំពេញក្រោន ឈ្នះ ៣ ប្រកួតជាប់ៗគ្នា ក៏ពិតមែន តែការលេងនៅក្រៅផ្ទះជាមួយ អូស្ដ្រាលី វាពិតជាអម្រែកដ៏ធ្ងន់ ហេតុនេះ បេះដូងនៃការរួមក្រុម ធ្វើឲ្យយើងមានជំនឿចិត្ត ទោះលេងក្រៅផ្ទះក៏ដោយ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនរូបនេះ បានបន្ដថា យើងលេងបាល់ទាត់ តាមអ្វីដែលយើង បានរៀបចំ ហើយយើងមានទំនុកចិត្ត ក្នុងការប្រកួតនេះ។ ខ្ញុំពិតជារីករាយជាមួយ កីឡាករ មែនទែន ហើយពួកគេ ព្យាយាមលេងជាមួយបេះដូង និងភាពជឿជាក់។ ខ្ញុំអាចនិយាយបានថា ទោះលេងជាមួយក្រុម មកពីអាស៊ីផ្សេងទៀត ម៉េចក៏ដោយ ក៏ពួកយើងនៅតែលេងរបៀបមានទំនុកចិត្តរបស់យើងដូចគ្នា។
ថ្ងៃទី ៩ វិច្ឆិកា ភ្នំពេញក្រោន នឹងលេងជើងទី២ នៅលើទឹកដីអូស្ដ្រាលី មុនបើកទ្វាផ្ទះ ទទួលក្រុម Cebu FC របស់ហ្វីលីពីន នាថ្ងៃទី ៣០ វិច្ឆិកា និងចុងក្រោយ ជួបក្រុម ម្ចាស់ផ្ទះ Shan United នាថ្ងៃទី ១៤ ខែធ្នូ ខាងមុខ៕/V-PC