ដោយៈ សៅវ៉ាន់ឌី / ព្រះវិហារ៖ មន្ទីរសាធារណការ ខេត្តព្រះវិហារ កាលពីថ្ងៃទី ១ ខែវិច្ឆិកា បានបន្តជួសជុល និងផ្តើមថែទាំឡើងវិញ កំណាត់ផ្លូវប្រវែងជិត ៥៥ គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ ដែលរងការខូចខាត ដោយជំនន់ ទឹកភ្លៀង កន្លងមក។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះវិហារ បានឱ្យដឹងថា ក្រុមការងារផ្នែក ថែទាំផ្លូវថ្នល់ បានបន្តសកម្មភាពជួសជុល និងផ្តើមថែទាំកំណាត់ផ្លូវជាតិលេខ ៩៤ ប្រវែង ៥៤,៩០ គីឡូម៉ែត្រ។ ផ្លូវនេះ ចាប់ពីឧទ្យានជាតិតេជោ សែនឫស្សីត្រឹប ដល់ឃុំកំពង់ ស្រឡៅ១ ព្រំប្រទល់កម្ពុជា-ឡាវ ។
ការងារត្រូវបានចាក់ថែមដីល្បាយថ្ម រួចកៀរសម្រួលកិនបង្ហាប់ ដើម្បីឱ្យពលរដ្ឋងាយ ស្រួល ក្នុងការធ្វើដំណើរ។ កំណាត់ផ្លូវនេះ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទីរួមស្រុកឆែប ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍ ជាប់ព្រំដែន កម្ពុជា-ឡាវ៕ V / N