ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមានកូវីដ១៩ នេះបើយោងតាមអ្នកនាំពាក្យរបស់លោកនិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ២ ខែវិច្ឆិកា។
ជំនួយការរបស់គាត់គឺលោក មូហាម៉េដ មូគ្លីស ម៉ាហ្គ្រីប៊ី (Muhamad Mukhlis Maghribi) បាននិយាយថា លោកណាជីប អាយុ ៧០ ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពនឹងនរ ហើយកំពុងធ្វើចត្តាឡីស័កនិងទទួលការព្យាបាលនៅមន្ទីរពេទ្យ។
ជំនួយការនិយាយទៀតថា លោកណាជីបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារពីពន្ធនាគារបន្ទាប់ពីត្អូញត្អែរអំពីគ្រុនក្តៅ។
អតីតនាយករដ្ឋមន្ត្រីរូបនេះកំពុងជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំពីបទពុករលួយពាក់ព័ន្ធនឹងមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB)។
ក្រុមអ្នកស៊ើបអង្កេតរបស់សហរដ្ឋអាម៉េរិកនិងម៉ាឡេស៊ីប៉ាន់ស្មានថាប្រាក់ប្រហែល ៤,៥ ពាន់លានដុល្លារត្រូវបានលួចពីមូលនិធិ 1MDB ដែលសហបង្កើតឡើងដោយលោកណាជីបក្នុងអំឡុងឆ្នាំដំបូងរបស់គាត់ជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ ២០០៩ ហើយប្រាក់ជាង ១ ពាន់លានដុល្លារបានចូលទៅក្នុងគណនី ដែលមានទំនាក់ទំនងជាមួយលោកណាជីប។
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា អ្នកទទួលមូលនិធិ 1MDB ជាច្រើននាក់បានប្រើប្រាស់លុយដើម្បីទិញទ្រព្យសម្បត្តិប្រណីតនិងអចលនទ្រព្យ គំនូរពីកាសូ (Picasso) យន្តហោះឯកជន នាវាទំនើប សណ្ឋាគារ គ្រឿងអលង្ការ និង ផ្តល់ហិរញ្ញប្បទានដល់ខ្សែភាពយន្តហូលីវូដ The Wolf of Wall Street ឆ្នាំ ២០១៣។
លោកណាជីបតែងតែអះអាងពីភាពគ្មានទោសកំហុសរបស់គាត់។ គាត់ត្រូវបានកាត់ទោសជាលើកដំបូងក្នុងឆ្នាំ ២០២០ ហើយបានចាប់ផ្តើមជាប់ពន្ធនាគារកាលពីខែសីហាឆ្នាំមុន នៅពេលដែលតុលាការកំពូលរបស់ម៉ាឡេស៊ីច្រានចោលការប្តឹងសារទុក្ខរបស់គាត់ ដោយបានក្លាយជានាយករដ្ឋមន្ត្រីដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ដែលត្រូវបានជាប់គុក។
ចាប់តាំងពីពេលនោះមក លោកណាជីបបានចូលនិងចេញពីមន្ទីរពេទ្យជាញឹកញាប់ ដោយសារបញ្ហាជាច្រើន រួមទាំងដំបៅក្រពះនិងជំងឺលើសឈាម។
លោកណាជីបបានដាក់ពាក្យសុំការលើកលែងទោសពីព្រះមហាក្សត្រ ដែលប្រសិនបើទទួលបានការសន្តោស អាចនឹងឃើញគាត់ជាប់គុករយៈពេលខ្លី។ លោកក៏ប្រឈមមុខនឹងការកាត់ទោសពីបទចោទប្រកាន់ពុករលួយផ្សេងទៀតផងដែរ៕
លោកណាជីបត្រូវបាននាំទៅព្យាបាលកូវីដនៅមន្ទីរពេទ្យកាលពីថ្ងៃអង្គារ