ដោយៈប.ខុន/ភ្នំពេញៈនៅក្រសួងធនធានទឹកនិងឧតុនិយមនាថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០២៣មានបើកកិច្ចប្រជុំរៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រងនិងអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមសម្រាប់ឆ្នាំ២០២៤ ផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពរយៈពេល៣ឆ្នាំ(២០២៥-២០២៧)ដែលដឹកនាំដោយលោករដ្ឋមន្ត្រី មានការចូលរួមពីថ្នាក់ដឹក នាំក្រសួងនិងប្រធានមន្ទីរមកគ្រប់រាជធានី ខេត្ត ដោយប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ថ្ងៃទី២និងទី៣ខែវិច្ឆិកា។
លោកថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមបានមានប្រសាសន៍នៅក្នុងពិធីខាងលើដោយសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងនាពេលកន្លងមករបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្រោមកិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤និង
យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ក្នុងនោះទឹកជាវិស័យអាទិភាពមួយក្នុងចំណោមអាទិភាពគន្លឹះចំនួន៥ មនុស្យ ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់។
លោករដ្ឋមន្ត្រីបានលើកឡើងថាកិច្ចប្រជុំរៀបចំផែនការសកម្មភាពនាពេលនេះត្រូវមានលក្ខណៈជាក់ស្តែងតបតាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងធនធានទឹកនិងឧតុនិយម និងគ្រប់មន្ទីររាជធានី-ខេត្តត្រូវយកចិត្តទុកដាក់រៀបចំផែនការ ចំពោះតំបន់វាលទំនាបដែលទទួលរងការលិចទឹកជាប្រចាំដោយធម្មជាតិ,តំបន់រងគ្រោះទឹកជំនន់ ប៉ុន្តែអាចកាត់បន្ថយបានតាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រឬអាងស្តុកទឹក និង តំបន់រងគ្រោះទឹកជំនន់ដែលបណ្តាលមកពីការអភិវឌ្ឍនិងត្រូវមានផែនការយុទ្ធសាស្ត្រជាដំណោះស្រាយ។
នៅក្នុងឱកាសខាងលើលោករដ្ឋមន្ត្រីក៏បានណែនាំថ្នាក់ដឹកនាំនិងមន្ត្រីឱ្យពិនិត្យមើលឡើងវិញនូវរាល់ការបំពេញតួនាទីភារកិច្ចនាពេលកន្លងមកនិងឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចខ្សោយក៏ដូចជាបញ្ហាប្រឈមចំពោះមុខ ដើម្បីរួមគ្នាគិតដោះស្រាយឱ្យបានទាន់ពេលវេលា ជាពិសេសធ្វើយ៉ាងណាឱ្យការរៀបចំផែនការសកម្មភាពឆ្នាំ២០២៤ និងផែនការយុទ្ធសាស្ត្រនិងផែនការសកម្មភាពរយៈពេលបីឆ្នាំ(២០២៥-២០២៧) ទទួលបានជោគជ័យនិងគ្រប់ជ្រុងជ្រោយ៕/PC