​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ឆា​នែ​ល​ញូ​វ​អេ​ស៊ា​) ៖ ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី ២ ខែវិច្ឆិកា​ថា កងទ័ព​របស់​ខ្លួន “​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​” បន្ទាប់​ពី​នាវាចម្បាំង​របស់​សហរដ្ឋអាម៉េរិក​និង​កាណាដា​បាន​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់ ដែល​ជា​ការឆ្លងកាត់​រួមគ្នា​ជា​លើក​ទី​ពីរ​របស់​ពួកគេ​ក្នុង​រយៈពេល​ពីរ​ខែ​មកនេះ​។​

​កងទ័ពជើងទឹក​អាម៉េរិក​បាន​និយាយថា នាវា USS Rafael Peralta ដែល​ជា​នាវា​ពិឃាដ​ថ្នាក់ Arleigh Burke-class និង​នាវាចម្បាំង Halifax-class HMCS Ottawa របស់​ទ័ពជើងទឹក​កាណាដា បាន​ធ្វើដំណើរ “​ជា​ទម្លាប់​” ឆ្លងកាត់​ច្រក​សមុទ្រ​នេះ​កាលពី​ថ្ងៃ​ពុធ​។​

​លោក​វរសេនីយ៍ឯក ស៊ី យី (Shi Yi) អ្នកនាំពាក្យ​នៃ​បញ្ជាការ​ភូមិភាគ​ខាងកើត​របស់​ចិន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​កងទ័ព​នៅ​ភូមិភាគ​នេះ​នៅតែ​ប្រុង​ជើងការ​ខ្ពស់​ជានិច្ច ហើយ​នឹង​ការពារ​យ៉ាង​ម៉ឺងម៉ាត់​នូវ​អធិបតេយ្យភាព​និង​សន្តិសុខ​ជាតិ​ក៏ដូចជា​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​”​។​

​លោក​ស៊ី​បាន​រិះគន់​ការឆ្លងកាត់​ចុងក្រោយ​នេះ​ថា​ជា “​ការ​ទាញ​ចំណាប់​អារម្មណ៍​សាធារណៈ​” ហើយ​បាន​និយាយថា កងកម្លាំង​ជើង​ទឹក​និង​អាកាស​របស់​ចិន “​បាន​តាមដាន​ទិសដៅ​ទាំងស្រុង​របស់​ពួកគេ​” ។​

​ការឆ្លងកាត់​របស់​នា​វា​ទាំងពីរ​បាន​កើតឡើង​បន្ទាប់​ពី​នាវាចម្បាំង​ពីរ​គ្រឿង​ដែល​ជា​កម្មសិទ្ធិ​របស់​អាម៉េរិ​ក និង​កាណាដា​បាន​បើក​ឆ្លងកាត់​ផ្លូវទឹក​តូចចង្អៀត​ដែល​ខណ្ឌ​ចែក​កោះ​តៃវ៉ាន់​និង​ចិនដីគោក​កាលពី​ថ្ងៃទី ៩ ខែ​កញ្ញា​។​

​សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​លោក​ខាងលិច​បាន​បង្កើន​ការធ្វើដំណើរ​ឆ្លងកាត់ “​ដើម្បី​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​” ដោយ​បើក​នាវា​កងទ័ពជើងទឹក​ឆ្លងកាត់​ទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង​ដែល​មាន​ជម្លោះ ដើម្បី​ពង្រឹង​ការអះអាង​ថា ផ្លូវទឹក​ទាំង​ពីរ​គឺជា​ផ្លូវទឹក​អន្តរជាតិ ដោយ​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ខឹងសម្បា​ជាខ្លាំង​៕

នាវា USS Rafael Peralta