ទិវា​ឯករាជ្យ​ជាតិ សិង្ហ​បុរី​

2926
ចែករម្លែក

​ភ្នំពេញ​៖ រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​សិង្ហ​បុរី ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​របស់ខ្លួន នៅ​ថ្ងៃទី ៩ ខែសីហា ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​មេដឹកនាំ និង​ពលរដ្ឋ នៃ​រដ្ឋ​កោះ​ដ៏​តូច ប៉ុន្តែ​ទទួល​ការ​កោត ស្ញប់ស្ញែង​មួយ​នេះ ប្រកាស​ឯករាជ្យភាពរ​បស់​ខ្លួន ពី​ម៉ាឡេស៊ី កាលពី​ឆ្នាំ​១៩៦៥ ដែលជា​ការ ប្រកាស​ឯករាជ្យ​លាយឡំ​នឹង​ទឹកភ្នែក ដោយសារតែ​ត្រូវ ម៉ាឡេស៊ី បណ្តេញ​ចេញពី​សម្ព័ន្ធ បន្ទាប់ពី​មានទំនាស់​ទស្សនៈ​មួយចំនួន ។​

ភូមិសាស្ត្រ​-​ប្រជាសាស្ត្រ​៖
​សាធារណរដ្ឋ​សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ គឺជា​រដ្ឋ​កោះ រួបរួម​ពី​ការបង្កើត​កោះ​ចំនួន ៦៣ មាន​ផ្ទៃដី ៧១៨,៣ គីឡូម៉ែត្រ​ក្រឡា ហើយ​ប្រទេស​នេះ មាន​គម្រោង​នឹង​ពង្រីក​ផ្ទៃដី ១០០ គីឡូម៉ែត្រ ក្រឡា​ទៀត នៅ​ឆ្នាំ​២០៣០ ដោយ​រួមទាំង​ការរំលាយ ឬ​ភ្ជាប់​កោះ​តូចៗ​បង្កើតជា កោះធំ​ផង ស្ថិតនៅ​អាស៊ីអាគ្នេយ៍ កណ្តាល​សមុទ្ទ ខាងត្បូង​ប្រទេស​ម៉ាឡេស៊ី ។ ភាសាផ្លូវការ​របស់​ប្រទេស មាន ៤ គឺ ភាសា​អង់គ្លេស ភាសា​ម៉ាឡេស៊ី ភាសា​ទមិឡ និង​ភាសា​ចិន​។ ឆ្នាំ ២០១៨ មាន​ប្រជាពលរដ្ឋ ៥,៧ លាន​នាក់ ហើយ​សាសនា​សំខាន់ មាន ៤ គឺ ១. ព្រះពុទ្ធសាសនា ២. អ៊ិ​ស្លាម ៣. ហិណ្ឌូ និង​៤. គ្រិស្តសាសនា ហើយ​ទីក្រុង​របស់​ប្រទេស គឺ​ទីក្រុង សិង្ហ​បុរី ឬ​ទីក្រុង​សាំង​ហ្គា​ពួរ គឺមាន​ឈ្មោះ​ដូច​ប្រទេស​ដែរ ហើយ​ទីក្រុង គឺ​ប្រទេស​នោះ​តែម្តង ដោយហេតុនេះ ទើប​សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ ត្រូវបាន​ប្រសិទ្ធ​នាម​ថា រដ្ឋ​ទីក្រុង ។​

​ប្រភព​ឈ្មោះ​៖
​ពាក្យ​ថា សិង្ហ​បុរី ឬ សាំង​ហ្គា​ពួរ ដែល​ភាសា​អង់គ្លេស​ហៅថា Singapore មកពី​ភាសា ម៉ាឡេស៊ី ថា Singapura ដែល​ពាក្យ​នេះ​ទៀតសោត ក្លាយ​មកពី​ភាសាសំស្ក្រឹត​ថា Sinha= សិង្ហ ឬ តោ pura=​បុរី , ទីក្រុង ឬ នគរ ។ ដូច្នេះ សិង្ហ​បុរី ប្រែ​ថា នគរ​តោ ឬ ទីក្រុង​តោ ។​

​ប្រវត្តិសាស្ត្រ​៖
​នា​អំឡុង​សតវត្សរ៍​ទី​២ ទឹកដី​សាំង​ហ្គា​ពួរ សព្វថ្ងៃនេះ គឺជា​ផ្នែក​មួយ នៃ​អាណាចក្រ ស៊ូ​ម៉ា​ត្រាន់ ស្រី​វិជ័យ ( បច្ចុប្បន្ន ឥណ្ឌូណេស៊ី​) ។ នៅ​ឆ្នាំ​១២៩៩ ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា នៃ​អាណាចក្រ ស្រី​វិជ័យ បាន​រកឃើញ​កោះ​មួយ​នៅ​កណ្តាល​សមុទ្ទ ហើយ​នៅលើ​កោះ​នោះ ព្រះអង្គ​បានឃើញ​សត្វ​ម្យ៉ាង ដែល​ព្រះអង្គ​ច្រឡំ​ថា ជា​សត្វ​តោ ទើប​ព្រះអង្គ​បាន​ហៅ​កោះ​នោះ​ថា Singapura គឺ​នគរ​តោ ។ ឯក​សារបាន​បរិយាយ​ថា តាម​ការពិត​ទំនងជា​ពុំ​ធ្លាប់មាន សត្វ​តោ រស់​នៅលើ​កោះ​នោះឡើយ ដូច្នេះ​អ្វីដែល​ព្រះអង្គម្ចាស់ សាំង នី​ឡា ឩ​ត្មា បានឃើញ​នោះ ប្រហែលជា​សត្វ​ខ្លាដំបង ទៅវិញ​ទេ ។

​នៅ​សតវត្សរ៍​ទី​១១ អ​ធិ​រាជ្យ រ៉ា​ចេ​ន​ដ្រា ចូឡា ទី​១ នៃ​អាណាចក្រ​ឥណ្ឌា​ខាងត្បូង ( ទមិឡ ) បាន​ចូលកាន់​កាប់​កោះ Singapura នោះ ។ នៅ​ឆ្នាំ​១៦១៣ កងទ័ព​ព័រទុយហ្កាល់ បាន​ចូល​ដុតបំផ្លាញ​លំនៅឋាន​អ្នក​កោះ​នោះ ធ្វើឱ្យ​កោះ​នេះ ធ្លាក់​ក្នុង​សភាព​អាប់អួរ​អស់​រយៈពេល ២ សតវត្សរ៍ ហើយ​រយៈ​ពេលនោះ កោះ Singapura គឺជា​កម្មសិទ្ធិ​របស់ ស៊ុ​លត​ង់ ចូ​ហូ ( នៃ​ម៉ាឡេស៊ី​) ខណៈ​តំបន់​ជិត​សមុទ្ទ និង​តំបន់​ពាណិជ្ជកម្ម ស្ថិតក្រោម​ការត្រួតត្រារ​បស់ ហុ​ល្លង់ ។

អាណានិគម​អង់គ្លេស​៖
​នៅ​ឆ្នាំ​១៨១៩ មន្ត្រីរដ្ឋបាល​ចក្រភព​អង់គ្លេស​ម្នាក់​ឈ្មោះ​ថូ​ម៉ាស ស្តាំ​ហ​វ​តរដ៍ រ៉ា​ហ្វ​លស៍ (Thomas Stamford Raffles ) តំណាងឱ្យ​ក្រុមហ៊ុន​អង់គ្លេស នៅ​ឥណ្ឌា​ខាងកើត បានមក​ដល់​កោះ Singapura ហើយ​បាន​ចុះហត្ថលេខា​សន្ធិសញ្ញា​ជាមួយ ស៊ុ​លត​ង់ ហ៊ូ​ស្សេន ហ្សា​ហ នៃ អាណាចក្រ ចូ​ហូ ដើម្បី​អភិវឌ្ឍន៍​ផ្នែក​ខាងត្បូង នៃ​កោះ Singapura ធ្វើជា​ប៉ុស្តិ៍ ពាណិជ្ជកម្ម​អង់គ្លេស​។ ដោយមាន​សន្ធិសញ្ញា​ជា​បន្តបន្ទាប់ រវាង​អង់គ្លេស និង ស៊ុ​លត​ង់ ចូ​ហូ កោះ Singapura ទាំងមូល​បាន​ក្លាយជា​កម្មសិទ្ធិ​រប​ស់​ចក្រភព​អង់គ្លេស ។ ឆ្នាំ​១៨២៦ សិង្ហ​បុរី បាន ក្លាយជា​ទីក្រុង​មួយ​ក្នុងចំណោម​ទីក្រុង​ប្រចាំ​តំបន់​ទាំង ៣ របស់​អង់គ្លេស​នៅ​អាស៊ី (​ពីរ​ទៀត​គឺ ម៉ា​ឡា​កា និង​ប៉េ​ណាំង ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​សមុទ្ទ ម៉ាឡេស៊ី​)​ត្រូវបាន​គេ ស្គាល់​ថា Straits Settlements ។

​ទេសាភិបាល​អាណានិគម​អង់គ្លេស បាន​ជំរុញ​ពួកកម្មករ និង​ជនអន្តោប្រវេសន៍​ទាំងឡាយ ឱ្យចូល​ទៅ​នៅ​កោះ​សាំង​ហ្គា​ពួរ ពី​តំបន់​ដែនដី​អាណានិគម​ផ្សេងទៀត​របស់​អង់គ្លេស​នៅ​តំបន់ អាស៊ីអាគ្នេយ៍ ដែលជា​លទ្ធផល មុន​ការមកដល់​របស់លោក Thomas Stamford Raffles កោះ​នោះ មាន​មនុស្ស​រស់នៅ ត្រឹមតែ​ប្រមាណ​ជា ១.០០០ នាក់ ដែល​ភាគច្រើន​ជា​ជន​អន្តោ ប្រវេសន៍​ម៉ាឡេស៊ី និង​មាន​ជនជាតិ​ចិន​តិចតួច ។ លុះដល់​ឆ្នាំ ១៨៦០ មាន​មនុស្ស​រស់នៅ​លើ​កោះ សិង្ហ​បុរី ប្រមាណ​ជា ៨០.០០០ នាក់ ដោយមាន​មនុស្ស​ជាង​ពាក់កណ្តាល គឺជា​ជនជាតិ​ចិន​។ ជនអន្តោប្រវេសន៍​ជាច្រើន បាន​ចូលទៅ​ធ្វើការ​នៅលើ​កោះ​នោះ ក្នុង​វិស័យ​ចំការកៅស៊ូ ដោយហេតុនេះ នៅក្រោយ​ទសវត្សរ៍​ឆ្នាំ​១៨៧០ កោះ​សឹង្ហ​បូរី បានក្លាយ​ជាទី​បណ្តុំ​នៃ​ការនាំចេញ កៅស៊ូ​របស់​ពិភពលោក ។

​បន្ទាប់ពី​សង្គ្រាមលោកលើកទី​១ ចក្រភព​អង់គ្លេស បាន​កសាង​នូវ​មូលដ្ឋាន​កងទ័ពជើងទឹក សិង្ហ​បុរី​ដ៏​ធំ ។ នៅ​ឆ្នាំ​១៩៤២ ជប៉ុន​ចូលកាន់​កាប់​សឹង្ហ​បុរី មែន ហើយ​យក​កោះ សិង្ហ​បុរី ធ្វើជា​ទីតាំង​កងទ័ពរ​បស់​ខ្លួន ហើយ​ប្រជាជន​នៅ​ទីនោះ ប្រមាណ​ជា ២៥.០០០​នាក់​ត្រូវបាន សម្លាប់ ។

​នៅ​ខែវិច្ឆិកា ឆ្នាំ​១៩៤៤ កងទ័ព​សម្ព័ន្ធមិត្ត (​ក្នុង​សង្គ្រាមលោកលើកទី​២ ដឹកនាំ​ដោយ​អង់គ្លេស និង​អាមេរិក ជា​ប្លុក​សេរីនិយម​) បាន​បើក​ការវាយលុក​ដោយ​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​កងទ័ព ជប៉ុន នៅ​សាំង​ហ្គា​ពួរ រហូតដល់​អង់គ្លេស យកបាន កោះ​សឹង្ហ​បុរី វិញ​នៅ​ខែ កញ្ញា ឆ្នាំ​១៩៤៥ ។​

ចលនា​ឯករាជ្យភាព​៖
​ឥឡូវនេះ ចលនា នៃ​ការចង់បាន​ឯករាជ្យភាព​របស់ខ្លួន បាន​កម្រើក​ខ្លាំង​ឡើងៗ​នៅក្នុង​កោះ​សិង្ហ​បុរី ។ ឆ្នាំ​១៩៥៥ សឹង្ហ​បុរី បានរៀបចំ​ការបោះឆ្នោត​សកល លើកដំបូង​របស់ខ្លួន ហើយ​អ្នកដឹកនាំ​គាំទ្រ ឯករាជ្យ​សិង្ហ​បុរី លោក​ដា​វីដ ម៉ារ​សាល​ល៍ David Marshall នៃ គណបក្ស​ពលករ បានឈ្នះ​ការ បោះឆ្នោត​នោះ ។

​លោក David Marshall បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ទៅ​ទីក្រុង​ឡុង​ដ៍ ក្នុង​បំណង​ទាមទារ យក​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង​ទាំងស្រុង ។ ប៉ុន្តែ​ត្រូវ​ចក្រភព​អង់គ្លេស បដិសេធ ។​សិទ្ធិ​គ្រប់គ្រង​ខ្លួនឯង ពី​អង់គ្លេស គឺជា​អ្វីដែល​គាត់​បាន​សន្យា ក្នុងពេល​ឃោសនា​រក​សំឡេងឆ្នោត ។ ពេល​បរាជ័យ បែបនេះ លោក David Marshall លាលែង​ពី​តំណែង ហើយ​ត្រូវបាន​ជំនួស​ដោយ​លោក លីម យូ ហុក ។ លោក លីម យូ ហុក បាន​បញ្ចុះបញ្ចូល​ឱ្យ​អង់គ្លេស​ព្រម​ប្រគល់​សិទ្ធិ​កាន់កាប់​រដ្ឋាភិបាល នូវ​រាល់​កិច្ចការ​ផ្ទៃក្នុង​ទាំងអស់ ដោយ​លើកលែងតែ កិច្ចការ​កងទ័ព និង​កិច្ចការបរទេសចេញ ។​

​គណបក្ស​សកម្មភាព​ប្រជាជន បានឈ្នះ ក្នុងការ​បោះឆ្នោត នៅ​ថ្ងៃទី​៣០ ខែ​ឩ​សភា ឆ្នាំ ១៩៥៩ ។ លោក លី ក្វាន់ យូ បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ដំបូង​របស់ សាំង​ហ្គា​ពួ ហើយ​រដ្ឋ​កោះ សាំង​ហ្គា​ពួ បាន​ក្លាយជា​រដ្ឋ គ្រប់គ្រង​ផ្ទៃក្នុង​ខ្លួនឯង នៅក្នុង​រដ្ឋ​សហ​ធន (​រដ្ឋ​ក្រោម​អាណានិគម​អង់គ្លេស​)​។ លោក William Allmond Codrington Goode កាន់តំណែង​ជា​ប្រមុខរដ្ឋ ហើយ​ក្រោយមក បាន​បន្ត​ដោយ​លោក Yusof bin Ishak ហើយ​នៅ​ឆ្នាំ​១៩៦៥ លោក Yusof bin Ishak បានក្លាយ​ជា​ប្រ​ធានា​ធិ​បី​ត​ដំបូង នៃ​រដ្ឋ​កោះ​សិង្ហ​បុរី ។

​ពួក​ជនជាតិ​ចិន​កុ​ម្មុយ​និ​ស្ត ដែលមាន​ទំនាក់ទំនង​យ៉ាងរឹងមាំ​ជាមួយ​សហជីព​ពាណិជ្ជក​ម្ម និង​សាលា​ចិន បាន​ងើប​បះបោរ​ប្រដាប់អាវុធ ប្រឆាំង​រដ្ឋាភិបាល ចាប់ពី​ឆ្នាំ​១៩៤៨ ជា​មូលហេតុ​នាំឱ្យមាន​អន្តរាគមន៍ ពី​កងទ័ព​ម៉ាឡេស៊ី ហើយ​បាន​ផ្តួលរំលំ​កុម្មុយនីស្ត​បះបោរ នៅ​ឆ្នាំ​១៩៦០ ។ ប៉ុន្តែ​ជនជាតិ​ចិន មេដឹកនាំ​កុម្មុយនីស្ត លោក ឈី​ង ប៉េង​បាន​បង្កើត​កម្លាំង​ទ័ព របស់ខ្លួន​វិញ ពី​ឆ្នាំ​១៩៦៨ ហើយក៏​ត្រូវ​ម៉ាឡេស៊ី បង្ក្រាប​ទៅវិញ​នៅ​ឆ្នាំ​១៩៦៩ ។

​រំលាយខ្លួន​ជាមួយ​ម៉ាឡេស៊ី​៖
​មេដឹកនាំ​នយោបាយ និង​ប្រជាព​រដ្ឋ​សិង្ហ​បុរី យល់ឃើញថា ផលប្រយោជន៍​ដ៏​ច្រើនសន្ធឹក​សន្ធាប់ របស់ សឹង្ហ​បុរី ត្រូវការ ម៉ាឡេស៊ី ដ៏​មានអំណាច ជា​ខ្នងបង្អែក ។ ជា​លទ្ធផល នៃ ប្រជាមតិ​ឆ្នាំ ១៩៦២ នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​១៩៦៣ សិង្ហ​បុរី បាន​រួបរួម​បង្កើត​សហព័ន្ធ​ថ្មី​ជាមួយ ម៉ាឡេស៊ី ដោយ​រដ្ឋាភិបាល​សិង្ហ​បុរី គឺជា​រដ្ឋាភិបាល​រដ្ឋ ចំណែក រដ្ឋាភិបាល ម៉ាឡេស៊ី គឺជា​រដ្ឋាភិបាល កណ្តាល​។ ដោយសារ​ហេតុនេះ ទើប​ពេលនោះ សឹង្ហ​បុរី ធ្លាប់​ត្រូវបាន​គេ​ហៅថា ជា​ផ្នែក​មួយ នៃ​ប្រទេស​ម៉ាឡេស៊ី ។

​ប៉ុន្តែ​រដ្ឋាភិបាល​រដ្ឋ​សាំង​ហ្គា​ពួរ និង​រដ្ឋាភិបាលកណ្តាល​ម៉ាឡេស៊ី បាន​ខ្វែងគំនិត​គ្នា​ជាច្រើន​ចំណុច លើ​បញ្ហានយោបាយ និង​សេដ្ឋកិច្ច ដោយ​ពួក​អ្នកនយោបាយ​សាំង​ហ្គា​ពួរ បាន​ខឹង និង​អាក់អន់ ចិត្ត​យ៉ាងខ្លាំង​ចំពោះ​រដ្ឋធម្មនុញ្ញ​របស់​ម៉ាឡេស៊ី ដែល​ផ្តល់​តម្លៃ និង អាទិភាព​ឱ្យតែ​ជនជាតិ​ម៉ាឡេស៊ី ជាង​ជនជាតិ​សាំង​ហ្គា​ពួរ​។ ចំណែក​ពួក​មេដឹកនាំ​ម៉ាឡេស៊ី វិញ មើលឃើញថា ជនជាតិ សាំង​ហ្គា​ពួរ ដែល​ភាគច្រើន ជា​ជន​ចិន នឹង​គម្រាម​ដល់​ប្រពៃណី​របស់ ម៉ាឡេស៊ី ហើយ​បារម្ភ​ថា រដ្ឋ​ថ្មី (​សិង្ហ​បុរី​) នេះ នឹង​ស្រូបយក​ទ្រព្យសម្បត្តិ​ធនធាន​ពី​ដីគោក (​ម៉ាឡេស៊ី​) ។

​ការទាស់ទែង​គ្នា​នេះ បានជា​បច្ច័យ​នាំឱ្យ​ផ្ទុះ​អំពើហិង្សា រវាង​ជនជាតិ​សាំង​ហ្គា​ពួរ និង ជនជាតិ​ម៉ាឡេស៊ី ចាប់ពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​១៩៦៤ ដែល​ហៅថា កូដកម្ម​ជាតិ​សាសន៍ ឆ្នាំ ១៩៦៤ ដែល​បាន​បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង របួស​ជាច្រើន​នាក់ ហើយ​មនុស្ស​រាប់រយ​នាក់ ត្រូវបាន​ចាប់ខ្លួន ។ ទំនាស់​មនោគមវិជ្ជា ឡើង​កំដៅ​ខ្លាំង​ទៅៗ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ ១៩៦៥ សភា​ម៉ាឡេស៊ី បាន​បោះឆ្នោត​ដោយ​ពុំមាន​វត្តមាន​តំណាង​សាំង​ហ្គា​ពួរ ហើយ​មាន​សំឡេង ១២៦ ទល់ ០ បណ្តេញ​សាំង​ហ្គា​ពួរ ចេញពី​សហព័ន្ធ​ម៉ាឡេស៊ី ។​

​ឯករាជ្យភាព​ជាមួយ​ទឹកភ្នែក​៖​ ​
​ដោយហេតុនេះ នាយក​ដ្ឋ​មន្ត្រី​សឹង្ហ​បូរី លោក​លី ក្វាន់ យូ សម្រេចចិត្ត​ដឹកនាំ​ពលរដ្ឋ​របស់គាត់ នៅ​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​១៩៦៥ ប្រកាសថា សិង្ហ​បុរី គឺជា​រដ្ឋ​ឯករាជ្យ មាន​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ។ ប៉ុន្តែ​វា​ជាការ​ប្រកាស​ឯករាជ្យភាព​មួយ ដែល​ប្រព្រឹត្តទៅ​ជាមួយនឹង តំណក់ទឹកភ្នែក​យ៉ាង​កំសត់ នៃ​មេដឹកនាំ និង​ពលរដ្ឋ​សាំង​ហ្គា​ពួរ គឺជា​ភាពផ្ទុយ​ពី​ជាតិ​សាសន៍​ដទៃ ក្នុង​លោក​ដែល​តែងតែ​ប្រកាស​ឯករាជ្យភាព​របស់​ខ្លួន ជាមួយនឹង​ការ​សាទរ​គគ្រឹកគគ្រេង ទូទាំងប្រទេស ។​

​បើទោះបីជា​មានកំណើត​ខុសពី​គេ​ដូច្នេះ​ក្តី ហើយក៏​ប្រហែលជា​ដោយសារតែ​សិង្ហ​បុរី មានកំណើត ខុសពី​គេ​នេះឯង​ហើយ ដែលជា​កត្តា​ជំរុញឱ្យមាន​ការប្តេជ្ញាចិត្ត ទាំង​អ្នកដឹកនាំ និង​ប្រជាពលរដ្ឋ សិង្ហ​បុរី រហូត​ទីបំផុត សាំង​ហ្គា​ពួរ ក្លាយជា​ប្រទេស​ដ៏​ជោគជ័យ​មហិមា​មួយ ក្នុង​លោក សក្តិសម​នឹង​នាម​ថា សិង្ហ​បុរី ដែល​ប្រែ​ថា នគរ ឬ​ទីក្រុង​តោ ។ តាមរយៈ​ការវិនិយោគ​នៅក្នុង កំពង់ផែ​របស់ខ្លួន បាន​ក្លាយជា​កំពង់ផែ​ដ៏​មមាញឹក​បំផុត​មួយ​ក្នុង​លោក ។

​នៅ​ឆ្នាំ​១៩៦៧ ប្រទេស​សាំង​ហ្គា​ពួរ បាន​ក្លាយជា សហ​ស្ថាបនិក នៃ​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ដែល​ហៅ​កាត់​ថា អាស៊ាន (ASEAN) ។ ឆ្នាំ​២០១៥ សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម ក្នុង​ទិវា​ឯករាជ្យ​ជាតិ របស់​សឹង្ហ​បុរី តាម​ការអញ្ជើញ​ជា​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី ៕ ស្រាវជ្រាវ​ប្រែ​សម្រួលៈ មេសា​

ទិដ្ឋភាព​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ សិង្ហ​បុរី (singapore 1)
លោក​លី ក្វាន់ យូ ស្រក់​ទឹកភ្នែក ក្នុង​ថ្ងៃ​ប្រកាស​ឯករាជ្យភាព​សិង្ហ​បុរី (singapore 2)
ទីក្រុង សាំង​ហ្គា​ពួ ប្រទេស សិង្ហ​បុរី ( Singapore 3)