ដោយ:ពៅនិមល/ភ្នំពេញ៖ ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពី ប្រតិបត្តិការដែលមានកិច្ចធានាឱ្យកាន់តែមានប្រសិទ្ធភាព និងបញ្ជាក់ឱ្យកាន់ តែច្បាស់លាស់នូវប្រភេទទ្រព្យធានាទាំងឡាយ ។ក្រសួងពាណិជ្ជកម្ម ធ្វើការប្រកាសស្តីពីអនុវត្តសិទ្ធិរបស់គូភាគីនៃប្រតិបត្តិការដែលមានកិច្ចធានា។

ក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម បានសសេរថា ការប្រកាសនេះនឹងជួយជំរុញឱ្យ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ កាន់តែមានទំនុកចិត្តក្នុងការផ្តល់កម្ចីបន្ថែមជូនអ្នកស្នើសុំឥណទាន តាមរយៈការផ្តល់លទ្ធភាពដល់គូភាគី នៃកិច្ចព្រមព្រៀងប្រាតិភោគ។

ក្រសួងបានបន្តថា គោលបំណងសំខាន់មួយទៀត គឺពង្រឹងការអនុវត្តច្បាប់ខាងលើ នេះកាន់តែមាន ប្រសិទ្ធិភាព រួមទាំងបញ្ជាក់បន្ថែមឱ្យ​កាន់តែច្បាស់លាស់នូវប្រភេទចលនទ្រព្យទាំងឡាយ ក៏ដូចជាជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ព្រមទាំងអ្នកប្រកបរបរកសិពាណិជ្ជកម្ម អាចមានលទ្ធភាពទទួលបានកម្ចីបន្ថែមដោយប្រើប្រាស់ទ្រព្យធានាជាចលនវត្ថុ និងប្រើប្រាស់កសិផល ព្រមទាំងទ្រព្យផ្សេងៗទៀត​ទាក់​ទងនឹងវិស័យកសិកម្ម ស្របតាមកម្មវិធីគោលនយោបាយអាទិភាពទី៥ (កម្មវីធីហិរញ្ញប្បទានដើម្បីលើកស្ទួយផលិតកម្ម និងរក្សាលំនឹងថ្លៃ​កសិផល) របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ទៀតថា ប្រកាសនេះដែរ នឹងជួយជំរុញគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យមានទំនុកចិត្តក្នុងការ​ផ្តល់​កម្ចីជូនអ្នកស្នើសុំឥណទានតាមរយៈការផ្តល់លទ្ធភាពដល់គូភាគីនៃកិច្ចព្រមព្រៀងប្រាតិភោគ ឬប្រតិបត្តិការដែលមានកិច្ចធានាក្នុងការ​អនុវត្ត​សិទ្ធិនិងកាតព្វកិច្ចរបស់ខ្លួនបន្ថែមលើយន្តការមួយចំនួន ដែលមានចែងនៅក្នុងច្បាប់ស្តីពីប្រតិបត្តិការដែលមានកិច្ចធានា (ឆ្នាំ២០០៧) ៕សរន