ដោយៈ បាយ័ន/សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​នៃប្រទេសកម្ពុជា និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា បាន​អញ្ជើញធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួស​ជុលគំនូរបុរាណ ដែលមានអាយុរាប់រយឆ្នាំ នៅក្នុងព្រះវិហារនៃវត្តរាជ​បូណ៌ ក្នុងទីរួមខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣​នេះ។

ប្រភពពីអាជ្ញាធរជាតិអប្សរាបាននិយាយថា ព្រះវិហាររបស់វត្តរាជបូណ៌ បានសាងសង់ឡើងតាំងពីសតវត្សរ៍ទី១៨នៃគ្រីស្ដសករាជ។ ទាំង​ស្ថាបត្យកម្ម និងការតុបតែងនៅក្នុងទីវត្តនេះ គឺធ្វើតាមរចនាបថ​ខ្មែរសុទ្ធសាធ ដែលបង្ហាញឱ្យឃើញពីស្នាដៃការច្នៃប្រឌិត និង​មរតកវប្បធម៌ខ្មែរដ៏សម្បូរបែប។

អាជ្ញាធរជាតិអប្សរាបន្តថា នៅលើជញ្ជាំងនៃវត្តរាជបូណ៌មានគំនូរ​បុរាណ​ចំនួនប្រមាណ១៥៧ផ្ទាំង ដែលបង្ហាញពីជីវិតរបស់​ព្រះសម្មា​សម្ពុទ្ធ រឿងរាមាយណៈ(រាមកេរ្តិ៍)មានបង្ហាញពីឋាននរក និងឋានសួគ៌ ព្រមទាំងជីវិតប្រចាំថ្ងៃរបស់មនុស្សដែរ។ បច្ចុប្បន្ន ស្ថានភាពរបស់​ផ្ទាំងគំនូរទាំងអស់នេះ គឺស្ថិតក្នុងការប្រឈមពុកផុយដែលទាមទារ​ឱ្យមានការជួសជុល និងអភិរក្សឡើងវិញជាបន្ទាន់។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា លោក​ស្រី បណ្ឌិតសភាចារ្យ ភឿង សកុណា មានប្រសាសន៍នៅក្នុង​ពិធីបើកសម្ពោធការដ្ឋានអភិរក្ស និងជួសជុលគំនូរបុរាណនោះថា លោកជំទាវក៏ដូចជាពលរដ្ឋកម្ពុជា គឺពិតជាមានមោទនភាពបំផុត ដែលបានចូលរួមក្នុងគម្រោងអភិរក្ស និងជួសជុលផ្ទាំងគំនូរបុរាណ​ដ៏មានតម្លៃ និងកិត្យានុភាព។

លោកស្រី ភឿង សកុណា មានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល​កម្ពុជានិងរដ្ឋាភិបាលឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រម​ព្រៀង​ហិរញ្ញប្បទាន ដើម្បីអភិរក្សគំនូរបុរាណនៅក្នុងព្រះវិហារនៃវត្តរាជ​បូណ៌​នេះតាំងតែពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រី​ជឿជាក់​យ៉ាងមុតមាំថា ការប្តេជ្ញាចិត្តរបស់យើងក្នុងការការ​ពារគំនូរដ៏​មាន​អត្ថន័យ និងមានតម្លៃទាំងនេះនៅតែរឹងមាំ។

លោកស្រីបណ្ឌិត ឯកអគ្គរដ្ឋទូតសារណរដ្ឋឥណ្ឌា ដេវីយ៉ានី ខូប្រាកេឌី (Devyani KhoBragade)ក៏មានប្រសាសន៍ដែរថា ការគាំទ្រលើ​គម្រោងអភិរក្ស និងជួសជុលគំនូរបុរាណក្នុងព្រះវិហារ​នៃវត្ត​រាជ​បូណ៌នេះ គឺឥណ្ឌាមានគោលបំណងស្តារឡើងវិញ ព្រមទាំង​ពង្រឹងទំនាក់ទំនងវប្បធម៌ ការលើកកម្ពស់ការយល់ដឹងពីគ្នា​ទៅ​វិញទៅមក ការគោរព និងការដឹងគុណចំពោះប្រវត្តិសាស្ត្រ និង​វប្បធម៌របស់ប្រទេសទាំងពីរ។

អាជ្ញាធរជាតិអប្សរានិយាយទៀតថា ចាប់តាំងពីឆ្នាំ២០០៥មក អ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរាបានចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចអភិរក្ស និងថែរក្សាសំណង់ទាំងឡាយរបស់វត្តរាជបូណ៌ ហើយ​ចាប់ពីឆ្នាំ២០១៤-២០២០ វត្តរាជបូណ៌ត្រូវបានចុះទៅក្នុងបញ្ជី​បេតិក​ភណ្ឌជាតិកម្ពុជា៕srn/r