​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​សុក្រ​បាន​ច្រាន​ចោល​សម្ពាធ​ពី​អាម៉េរិក​អោយមាន​«​ការផ្អាក​ការប្រយុទ្ធ​គ្នា​ដើម្បី​មនុស្សធម៌​»​មួយ​នៅក្នុង​សង្គ្រាម​រយៈពេល​ជិត​មួយ​ខែ​មក​នេះ​ដើម្បី​ការពារ​ជន​ស៊ីវិល​និង​អនុញ្ញាត​អោយ​មាន​ការដឹក​ជំនួយ​មនុស្សធម៌​ច្រើន​ទៀត​ចូល​ក្នុង​តំបន់​ហ្កា​ហ្សា ដោយ​លោក​បញ្ជាក់​ថា​នឹង​មិន​មាន​ការផ្អាក​ការប្រយុទ្ធ​បណ្តោះអាសន្ន​ទេ ដរាបណា​ចំណាប់ខ្មាំង​ប្រមាណ​២៤០​នាក់​មិន​ត្រូវបាន​ដោះ​លែង​ជា​មុន​ទេនោះ​។​

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក​អ៊ែន​ថូ​នី ប្លីង​កិន បាន​ធ្វើ​ទស្សនកិច្ច​លើក​ទី​បី​ទៅ​កាន់​អ៊ីស្រាអែល​ចាប់តាំងពី​សង្គ្រាម​ចាប់ផ្តើម ដោយ​បាន​បញ្ជាក់​សាជាថ្មី​អំពី​ការគាំទ្រ​របស់​យុទ្ធនាការ​របស់​អ៊ីស្រាអែល​ដើម្បី​កំទេច​ក្រុម​ហា​ម៉ាស​ក្រោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេ​ស្ទីន​នេះ​ឆ្មក់​វាយចូល​អ៊ីស្រាអែល​សម្លាប់​មនុស្ស​ប្រមាណ​១.៤០០​នាក់​កាលពី​ថ្ងៃ​៧​តុលា​។​លោក​ក៏​បាន​បន្ទរ​ការអំពាវនាវ​របស់​ប្រធានាធិបតី ចូ បៃ​ដិន សុំ​អោយ​មាន​ការផ្អាក​ការប្រយុទ្ធ​គ្នា​បណ្តោះអាសន្ន​ដើម្បី​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​។​

​ការព្រមាន​កាន់តែ​កើនឡើង​ចំពោះ​ការស្លាប់​ប្រជាជន​ប៉ាឡេ​ស្ទី​ន​និង​ទុក្ខសោក​កាន់តែ​ធំធេង​សំរាប់​ជន​ស៊ីវិល​ក្រោយ​ការទម្លាក់​គ្រាប់បែក​រាប់​សប្តាហ៍​និង​ការពង្រីក​ការវាយប្រហារ​តាម​ជើងគោក​របស់​អ៊ីស្រាអែល​ដែល​វា​កាន់តែ​បង្ក​ការស្លាប់​និង​របួស​មនុស្ស​ច្រើន​ថែម​ទៀត​។​បណ្តា​មន្ទីរពេទ្យ​ជោរជន់​ដោយ​អ្នក​រងរបួស​នៅ​ពេល​ពួក​វា​ក្បែរ​នឹង​ដួលរលំ​ដោយសារ​ខ្វះ​ថ្នាំពេទ្យ​និង​ប្រេង​សំរាប់​ដំណើរការ​ម៉ាស៊ីនភ្លើង​ដោយ​សារ​តែ​តំបន់​ហ្កា​ហ្សា​ស្ថិតក្រោម​ការបិទ​ខ្ទប់​ពី​អ៊ីស្រាអែល​។

​ប្រជាជន​ប្រហែល​១,៥​លាន​នាក់​នៅ​ហ្កា​ហ្សា​បាន​ភៀសខ្លួន​ចេញពីផ្ទះ​របស់​គេ នេះ​បើ​តាម​ការប៉ាន់ស្មាន​របស់​អង្គការ​សហប្រជាជាតិ នៅពេល​ប្រជាជន​ប៉ាឡេ​ស្ទីន​កាន់តែ​ខ្វះខាត​របស់​ត្រូវ​ការចាំ​បាច់​បំផុត​ដូច​ជា​ស្បៀង និង​ទឹក​ផឹក​។​

​ជន​ប៉ាឡេ​ស្ទីន​ស្លាប់​និង​រងរបួស​ដេក​លើ​ដី​ក្រោយ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅក្រៅ​ផ្លូវ​ចូល​មន្ទីរពេទ្យ​al-Shifa​នៅ​ទីក្រុង​ហ្កា​ហ្សា​ស៊ីធី​កាលពី​ថ្ងៃ​សុក្រ​។​

​ក្រោម​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល លោក​ប្លីង​កិន​បាន​និយាយថា ចាំបាច់​មាន​ការបញ្ឈប់​ជា​បណ្តោះអាសន្ន​ការប្រយុទ្ធ​គ្នា​ដើម្បី​បង្កើន​ការនាំ​ជំនួយ​ចូល និង​ជួយ​ដោះលែង​ចំណាប់ខ្មាំង​ដែល​ក្រុម​ហា​ម៉ាស​កំពុង​ឃុំខ្លួន​។​តែ​លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​ប្រាប់​លោក​ប្លីង​កិន​វិញ​ថា «​អ៊ីស្រាអែល​បន្ត​ការវាយប្រហារ​ពេញទំហឹង​» ទាល់តែ​ចំណាប់ខ្មាំង​ត្រូវបាន​ដោះលែង​។​

​ពួក​មន្ត្រី​អាម៉េរិក​បានបញ្ជាក់​ថា ពួកគេ​មិន​ទាមទារ​អោយ​មាន​បទ​ឈប់​បាញ់​មួយ​ទេ តែ​គ្រាន់តែ​ជា​ការផ្អាក​ការប្រយុទ្ធ​គ្នា​ជា​បណ្តោះអាសន្ន​មួយ​ដើម្បី​នាំ​ជំនួយ​ឬ​សកម្មភាព​មនុស្សធម៌​ផ្សេងៗ និង​បន្ទាប់ពីនោះ​ទៅ​អ៊ីស្រាអែល​អាច​បន្ត​ប្រតិបត្តិការ​សឹក​របស់ខ្លួន​។​ទោះជា​យ៉ាងណា លោក​ណេ​តាន់​យ៉ា​ហ៊ូ​មិន​និយាយ​អំពី​គំនិត​នេះ​ទេ តែ​លោក​ច្រាន​ចោទ​ឈប់​បាញ់​ណាមួយ​។​

​ទាហាន​អ៊ីស្រាអែល​កំពុង​បង្កើន​ការឡោមព័ទ្ធ​ទីក្រុង​ហ្កា​ហ្សា​ស៊ី​ធី​ចំ​ពេល​ការប្រយុទ្ធ​ជាមួយ​ពួក​ហា​ម៉ាស​នៅតែ​បន្ត​ខណៈ​ការវាយប្រហារ​តាម​អាកាស​បង្ក​ការខូចខាត ស្លាប់​និង​របួស​មនុស្ស​ជុំវិញ​ទីក្រុង​កាលពី​ថ្ងៃ​សុក្រ​។​ទូរទស្សន៍​Al Jazeera បាន​រាយការណ៍​ថា ការវាយប្រហារ​តាម​អាកាស​មួយ​កាលពី​យប់​ថ្ងៃ​សុក្រ​បាន​ចំ​សាលារៀន​មួយ​នៅ​ទីក្រុង​ហ្កា​ហ្សា​ស៊ីធី កន្លែង​ជនភៀសខ្លួន​ជាច្រើន​កំពុង​ស្នាក់នៅ​ដោយ​បណ្តាលអោយ​ស្លាប់​មនុស្ស​ជាច្រើន​។​

​ការវាយប្រហារ​ក៏​ធ្វើឡើង​នៅ​ក្បែរផ្លូវ​ចូល​មន្ទីរពេទ្យ​ចំនួន​បី​នៅ​ហ្កា​ហ្សា​ខាងជើង នៅពេល​បុគ្គលិក​ពេទ្យ​កំពុង​ជម្លៀស​អ្នករងរបួស​ទៅ​ហ្កា​ហ្សា​ខាងត្បូង ៕

​យ៉ាងហោច​ណាស់​មនុស្ស​១៥​នាក់​ត្រូវបាន​សម្លាប់​និង​៦០​នាក់​រងរបួស​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​នៅក្រៅ​មន្ទីរពេទ្យ​Shifa Hospital