ដោយៈ ប.ខុន / ភ្នំពេញៈ ការចុះបញ្ជីទូកនេសាទ នៅក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ២៥ ខែតុលា បានចំនួន៣៣៧ គ្រឿង បន្ថែមពីលើទូកនេសាទ ដែលបានចុះបញ្ជីរួច មុនយុទ្ធ នាការ ចំនួន ៤៨៨ គ្រឿង នៅក្នុងចំណោមទូកនេសាទ សរុបចំនួនប្រមាណជា ២.៥២៣ គ្រឿង នៅក្នុងខេត្តព្រះសីហនុ។ ទូកដែលបានចុះ បញ្ជីនៅក្នុងយុទ្ធនាការ ត្រូវបានលើកទឹកចិត្តបញ្ចុះតម្លៃដល់ ៥០ ភាគរយ ហើយទូក ដែលមិនបានចុះបញ្ជី នៅក្រោយឆ្នាំ២០២៣ នឹងមិនត្រូវបានអាជ្ញាធរ អនុញ្ញាតឱ្យធ្វើ នេសាទ ក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ចរបស់ រដ្ឋបាលខេត្តព្រះសីហនុ ទៀតឡើយ ។ នេះបើយោងទៅតាមស្មារតីអង្គប្រជុំ របស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ ទទួលបន្ទុកការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរាយការណ៍ ស្តីពីវឌ្ឍនភាពការងារ ជំរុញការចុះបញ្ជីនាវានេសាទ (ទូកនេសាទ) ក្នុងខេត្តព្រះសីហនុ សំដៅលុបបំបាត់ ការនេសាទខុសច្បាប់ គ្មានការអនុញ្ញាត និងគ្មានរបាយការណ៍ ដែលត្រូវបានសហភាព អឺរ៉ុប បានដាក់កម្ពុជាក្នុងបញ្ជីកាតក្រហម និងដើម្បីរក្សាបាននូវធនធានធម្មជាតិ នៅក្នុងកិច្ចប្រជុំខាងលើថា ខេត្តព្រះសីហនុ មានទូកនេសាទសរុប ចំនួន ២.៥២៣ គ្រឿង ក្នុងនោះ នាវានេសាទដែលបានចុះបញ្ជីរួច មានចំនួន ៤៨៨ គ្រឿង (ចុះបញ្ជីរួច មុនពេលយុទ្ធនាការជំរុញការចុះបញ្ជី) ហើយគិតចាប់ពីថ្ងៃទី ១ខែកញ្ញា រហូតដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត បានទទួល សេវាចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទូកនេសាទ សរុបចំនួន ៣៣៧ គ្រឿង និងប្រមូលចំណូលសរុប បានចំនួន ២៧.៥៥០.០០០ រៀលជាមួយនឹងការសម្រប សម្រួលលើកទឹកចិត្ត និងបញ្ចុះតម្លៃ ៥០ ភាគរយ នៃតម្លៃសេវាសរុប។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំ ដល់ក្រុង ស្រុក នៅក្នុងឱកាសខាងលើថា សូមបន្តផ្សព្វផ្សាយលើកទឹកចិត្ត ឱ្យប្រជានេសាទ មកទទួល សេវាការសុំចុះបញ្ជីទូកនេសាទ ឱ្យបានមុនបំណាច់ឆ្នាំ២០២៣ ដោយរដ្ឋបាលខេត្ត នឹងជួយសម្រួល នៃការបញ្ចុះតម្លៃសេវា រហូត ៥០ ភាគរយ តែចាប់ពីក្រោយពី ឆ្នាំ២០២៣ អ្នកដែលមិនបានមកចុះបញ្ជី នឹងមិនត្រូវបានអនុញ្ញាត ឱ្យធ្វើនេសាទ ក្នុងលម្ហសមុទ្រ នៃដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្តព្រះសីហនុឡើយ ព្រោះវាធ្វើឱ្យ ប៉ះពាល់ គុណតម្លៃរបស់ជាតិ។ ក្នុងករណីបានមកស្នើសុំសេវាចុះបញ្ជីហើយ ប៉ុន្តែមិនទាន់បានទទួលប័ណ្ណសម្គាល់ទូកនេសាទ ឱ្យតែមានបង្កាន់ដៃទទួលពាក្យ និងបង្កាន់ដៃបង់ប្រាក់ របស់អង្គភាពច្រកចេញចូលតែមួយ ដែលបញ្ជាក់ថាបានស្នើសុំ សេវារួចហើយនោះ រដ្ឋបាលខេត្តអនុញ្ញាតឱ្យធ្វើអាជីវកម្មនេសាទ ក្នុងដែនសមុទ្រ ជាធម្មតា រង់ចាំទទួលប័ណ្ណសម្គាល់ទូកនេសាទ តាមក្រោយ។
លោកអភិបាលខេត្ត ក៏បានធ្វើការណែនាំដល់ រដ្ឋបាលក្រុង ស្រុក ឱ្យជួយសម្រប សម្រួលការធ្វើអត្តសញ្ញាណកម្ម របស់ម្ចាស់នាវានេសាទ ដើម្បីមានភាពងាយស្រួល មកបំពេញបែបបទ ចុះបញ្ជីបានលឿនឆាប់ ។ ទាក់ទងនឹងការចុះបញ្ជីនាវានេសាទ ពួកគាត់ទទួលបានសិទ្ធិ ក្នុងការធ្វើនេសាទ ដូច្នេះអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ត្រូវបន្តការខិតខំប្រមូលផ្តុំស្មារតីទទួលខុស លើកទឹកចិត្ត ជំរុញចលនាធ្វើយ៉ាងណា ឱ្យប្រជានេសាទ បានមកស្នើសុំការចុះបញ្ជីទូកនេសាទរបស់ខ្លួន ឱ្យបានគ្រប់ៗគ្នា ដើម្បីពួកគាត់ទទួលបានសិទ្ធិក្នុងការធ្វើនេសាទក្នុងដែនសមុទ្ររបស់យើង ដោយស្របច្បាប់។
នៅក្នុងឱកាសខាងលើ លោក គួច ចំរើន បានបញ្ជាក់ថា យើងគ្រោងនឹងចុះទៅជួប ជាមួយ បងប្អូនប្រជានេសាទ ក៏ប៉ុន្តែដោយសារតែកត្តាពេលវេលា យើងមិនទាន់មាន ពេលទៅជួបពួកគាត់ យើងនឹងព្យាយាមរកពេលវេលាសមស្របណាមួយ ជួបបងប្អូន ប្រជានេសាទ ដើម្បីឈ្វេងយល់អំពីសុខទុក្ខ និងកង្វល់របស់ពួកគាត់ថា តើមានបញ្ហាអ្វី រឿងអ្វី ក្នុងនាមយើងជាអាជ្ញាធរ ត្រូវចូលរួមចំណែកលើកទឹកចិត្ត ឱ្យបងប្អូនប្រជានេសាទ មានលទ្ធភាពចេញទៅធ្វើនេសាទ ដោយស្របច្បាប់ ទទួលបានផលនេសាទយកមក ចិញ្ចឹម ក្រុមគ្រួសារ បង្កើនជីវភាពគ្រួសាររបស់ពួកគាត់ បានល្អប្រសើរបន្ថែមទៀត នៅពេលខាងមុខ៕/V-PC