ដោយៈ បាយ័ន / សៀមរាបៈ នៅព្រឹកថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រ កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាព សម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់ជាផ្លូវការ ស្ពានហាលខាងលិច​ប្រាសាទអង្គរវត្ត។

ពិធីនាថ្ងៃនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរ ព្រះករុណាជាអង្គម្ចាស់ជីវិត តម្កល់លើត្បូង ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ព្រមទាំងសម្តេចៗ​ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាច្រើនរូបផ្សេងទៀត។

សូមបញ្ជាក់ថា «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុល ឡើងវិញ កាលពីអំឡុងឆ្នាំ​២០១៦ ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន។

បន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការហើយនោះ ស្ពានហាលខាងលិចប្រាសាទ អង្គរវត្ត ប្រើជាច្រកចូល សម្រាប់ការទស្សនាប្រាសាទអង្គរវត្ត ហើយស្ពានបណ្តែតទឹក ប្រាសាទអង្គរវត្ត ប្រើសម្រាប់ជាច្រកចេញ វិញផងដែរ៕/V/r