ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាន់តែខិតជិតចូលមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួន ដែលបើកលក់ដូរ នៅជុំវិញមណ្ឌលប្រឡង ឱ្យផ្អាកបណ្តោះអាសន្ន រយៈពេល ២ថ្ងៃ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។
រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ២ ថ្ងៃ គឺ នៅថ្ងៃទី ៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
ដើម្បីចូលរួមចំណែកឲ្យដំណើរកាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិ ប្រព្រឹត្តទៅដោយរលូនព្រមទាំងជោគជ័យ ពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរប្រៀបរៀបរយសាធារណ: ជុំវិញមណ្ឌលប្រឡងទាំង ១១ មណ្ឌល ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
រដ្ឋបាលខេត្ត សូមជូនដំណឹង ដល់បងប្អូនអាជីវករ ដែលប្រកបអាជីវកម្ម ជុំវិញបរិវេណមណ្ឌលប្រឡងទាំងអស់ថា
១.ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៉ិនធឺណិត និងអាជីវកម្មលក់ សម្ភារសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
២. ត្រូវផ្អាកជាបណ្តោះអាសន្ន នូវអាជីវកម្មនានា ដូចជា ភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ បរិវេណមណ្ឌលប្រឡង ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣
៣.ដោយឡែក ទីតាំងអាជីវកម្មផ្សេងទៀត ស្ថិតនៅជិតបរិវេណមណ្ឌលប្រឡង ហាមបង្កសម្លេង ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃការប្រឡងរបស់បេក្ខជន។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់សាធារណជន និងបងប្អូនអាជីវករទាំងអស់ មេត្តាជ្រាប និងយោគយល់ ដោយសេចក្ដីអនុគ្រោះ ហើយក្រោយការបញ្ចប់ការប្រឡងនេះ បងប្អូនអាជីវករទាំងអស់ អាចបើកដំណើរការអាជីវកម្ម ជាធម្មតាឡើងវិញ៕ V / N