ដោយ៖ ដេប៉ូ / ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធ យុវជនកម្ពុជា និងអ្នកពាក់ព័ន្ធ បានចូលរួម ដើម្បីពិនិត្យហិបវិញ្ញាសា ដែលមានសភាព បិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ក្នុងដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប នៅថ្ងៃទី១។

បញ្ជាក់ក្នុងការបើកហឹបវិញ្ញាសា នៅតាមបន្ទប់ប្រឡង សម្រាប់ព្រឹកថ្ងៃទី១ ដែលបានធ្វើ ឡើង នៅតាមមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងរាជធានីភ្នំពេញ លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា៖ ”ការប្រឡងនេះ មិនមែនប្រឡង ដើម្បីប្រឡងនោះទេ ពោលគឺ ការប្រឡង ដើម្បីលើកទឹកចិត្តឱ្យសិស្ស រៀនសូត្រដែលជាគោលនយោបាយថ្មី លើវិស័យអប់រំ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត លើវិស័យអប់រំនេះ ផងដែរ”។

លោក ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់បន្ថែមថា ការប្រឡងនេះ ដើម្បីវាយតម្លៃការសិក្សា រយៈពេល ១២ ឆ្នាំ ដែលសិស្សានុសិស្ស បានខិតខំរៀនសូត្រ កន្លងមក។ ក្រៅពីនេះ ការប្រឡង ក៏ដើម្បីលើកទឹកចិត្ត ដល់សិស្សានុសិស្ស ខិតខំរៀនសូត្រ និងក៏ដូចជាកសាងសមត្ថភាព ទាំងចំណេះដឹងទូទៅ ក៏ដូចជា ក្នុងថ្នាក់ឧត្តមសិក្សា ខាងមុខ។

លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងបញ្ជាក់ដែរថា អ្នកសង្កេតការណ៍របស់ អង្គភាពប្រឆាំងអង្គភាពពុករលួយ ដែលបានដាក់ពង្រាយទូទាំង ប្រទេស មានជាង ៣ ពាន់នាក់ ក្នុងនេះ ក្នុងរាជធានីភ្នំពេញ មានអ្នកសង្កេតការណ៍ របស់អង្គភាពប្រឆាំងអំពើពុករលួយ ជាង ៥៥០ នាក់។

លោក បានបញ្ជាក់់បន្ថែមថា អ្នកសង្កេតការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ គឺប្រៀបបានដូចនឹងត្រចៀក ច្រមុះ ដើម្បីផ្តល់ព័ត៌មាន ដើម្បីផ្តល់ប្រឹក្សាទាក់ទិន ទៅនឹងករណីណាមូយ កើតឡើង ហើយកាលណា មានបញ្ហាណាមួយ នឹងអនុវត្តវិធាន ការផ្លូវច្បាប់។

គួរបញ្ជាក់ថា ការប្រឡងយកសញ្ញាបត្រ បាក់ឌុប នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានបេក្ខជន ចុះឈ្មោះប្រឡងសរុប ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ មណ្ឌលប្រឡងសរុប ២២៧ មណ្ឌល ត្រូវជា ៥.៥៤៣ បន្ទប់ ។

វិញ្ញាសាប្រឡង ត្រូវបានកំណត់ សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ សង្គម។ ទម្រង់វិញ្ញាសា ត្រូវបានរៀបចំជាពីរ គឺទម្រង់វិញ្ញាសាចម្លងដាក់លើក្តារខៀន និងទម្រង់វិញ្ញាសាដា សន្លឹកក្រដាសចែកជូនបេក្ខជន។

ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយ នៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕/V/r