ប្រែសម្រួល : កញ្ញាដាលីស (ហ្គាឌាន) ៖ ល្វីស ឌៀស (Luis Diaz) បានវិលមកកាន់ក្រុម Liverpool វិញនិងស៊ុតបញ្ចូលទីនៅចុងម៉ោងក្នុងការប្រកួតបាល់ទាត់ Premier League របស់ខ្លួនជាមួយនឹង Luton កាលពីថ្ងៃអាទិត្យ ដោយឪពុករបស់គេនៅតែបាត់ខ្លួនបន្ទាប់ពីត្រូវបានចាប់ពង្រត់ដោយក្រុមទ័ពព្រៃនៅប្រទេសកូឡុំប៊ី។
ឌៀសបានខកខានការប្រកួតពីរលើកចុងក្រោយរបស់ Liverpool ប៉ុន្តែបានហ្វឹកហាត់តាំងពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានសម្រាំងឱ្យអង្គុយកៅអីបម្រុងសម្រាប់ការប្រកួតនៅកីឡដ្ឋាន Kenilworth Road ។ រូបគេបានចូលលេងនៅនាទីទី ៨៣ ហើយបានស៊ុតបញ្ចូលទីនៅនាទីទី ៥ នៃម៉ោងបន្ថែមដើម្បីតាមស្មើ ១-១ សម្រាប់ក្រុមរបស់ខ្លួន។
ឌៀសបានបង្ហាញអាវយឺត ដែលមានពាក្យថា “ដោះលែងប៉ាប៉ាឱ្យមានសេរីភាព” បន្ទាប់ពីគ្រាប់បាល់នោះ។
បន្ទាប់មកឌៀសបានបង្ហោះសារមួយទៀតនៅលើ Instagram នៅយប់ថ្ងៃអាទិត្យ។
សារនោះសរសេរថា “ថ្ងៃនេះកីឡាករបាល់ទាត់ម្នាក់នេះមិននិយាយជាមួយអ្នកទេ។ ថ្ងៃនេះ លូចូ ឌៀស (Lucho Diaz) កូនប្រុសរបស់ ល្វីស ម៉ានូអែល ឌៀស (Luis Manuel Diaz) កំពុងនិយាយទៅកាន់អ្នក។ ម៉ាណេ (Mane) ប៉ារបស់ខ្ញុំគឺជាអ្នកធ្វើការដ៏ឧស្សាហ៍ ជាសសរស្តម្ភក្នុងគ្រួសារ ហើយគាត់ត្រូវបានចាប់ពង្រត់។ ខ្ញុំសុំឱ្យ ELN ដោះលែងឪពុកខ្ញុំជាបន្ទាន់ ហើយខ្ញុំសុំឱ្យអង្គការអន្តរជាតិធ្វើការជាមួយគ្នាដើម្បីសេរីភាពរបស់គាត់។”
“រាល់វិនាទី រាល់នាទី ទុក្ខព្រួយរបស់យើងកើនឡើង។ ម្តាយខ្ញុំ បងប្អូនរបស់ខ្ញុំ អស់សង្ឃឹម កើតទុក្ខ និងគ្មានពាក្យអ្វីរៀបរាប់ពីអារម្មណ៍របស់យើងបានទេ។ ទុក្ខនេះនឹងបញ្ចប់នៅពេលណាដែលយើងមានគាត់ត្រឡប់ទៅផ្ទះវិញ។ ខ្ញុំសូមអង្វរអ្នកដោះលែងគាត់ភ្លាមទៅ ដោយគោរពនូវសេចក្តីថ្លៃថ្នូររបស់គាត់ និងបញ្ចប់ការរង់ចាំដ៏ឈឺចាប់នេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”៕
ឌៀសស៊ុតចូលចុងម៉ោងជួយ Liverpool តាមស្មើ Luton