​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VnExpress) ៖ រដ្ឋធានី​ញូវដេល្លី​របស់ឥ​ណ្ឌា​ត្រូវ​បាន​រុំ​ព័ទ្ធ​ជិត​ដោយ​ស្រទាប់​អ័ព្ទ​ពុល​ក្រាស់ៗ​កាលពី​ចុង​សប្តាហ៍ ហើយ​សាលារៀន​មួយចំនួន​ត្រូវបាន​បញ្ជា​ឱ្យ​បិទ ខណៈ​ដែល​ស​ន្ទ​ស្សន៍​គុណភាព​ខ្យល់ (AQI) បាន​ធ្លាក់ចុះ​ដល់​ប្រភេទ “​ធ្ងន់ធ្ងរ​”​។​

​ទីក្រុង​ញូវដេល្លី​ជាថ្មី​ម្តងទៀត​បាន​ឈរ​នៅលើ​កំពូល​តារាង​ទាន់ពេល​ជាក់ស្តែង​នៃ​បណ្តា​ទីក្រុង​ដែល​ពុល​ខ្យល់​បំផុត​របស់​ពិភពលោក ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ស្វីស IQAir ដែល​បាន​ដាក់ AQI របស់​រដ្ឋធានី​ឥណ្ឌា​នៅ​កម្រិត ៦៤០ នៅក្នុង​ប្រភេទ “​គ្រោះថ្នាក់​” កាលពី​ថ្ងៃ​សុក្រ ដែល​តាម​ពីក្រោយ​ដោយ​ទីក្រុង​ឡាហ័​រ (Lahore) របស់​ប៉ា​គី​ស្ថាន នៅ​កម្រិត ៣៣៥​។​

​មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ការរួម​បញ្ចូល​គ្នា​នៃ​សីតុណ្ហភាព​ទាប​តាម​រដូវ កង្វះ​ខ្យល់ និង​ការដុត​កញ្ច្រាំង​ស្រូវ​នៅក្នុងរ​ដ្ឋ​កសិដ្ឋាន​ជិតខាង បាន​បណ្តាលឱ្យ​ការបំពុល​ខ្យល់​កើនឡើង​។​

​ភាគច្រើន​នៃ​អ្នកស្រុក ២០ លាន​នាក់​នៅក្នុង​ទីក្រុង​ញូវដេល្លី​បាន​ត្អូញត្អែ​រពីកា​ររលាក​ភ្នែក​និងរ​មាស់​បំពង់ក ខណៈ​ខ្យល់​ប្រែ​ទៅជា​ពណ៌​ប្រផេះ​ក្រាស់ ហើយ AQI មាន​កម្រិត ៤៨០ នៅ​តាម​ស្ថានីយ​ត្រួតពិនិត្យ​មួយចំនួន​។​

AQI ពី ០-៥០ ត្រូវបាន​ចាត់ទុក​ថា​ល្អ ខណៈ​អ្វីដែល​នៅ​ចន្លោះ​ពី ៤០០-៥០០ គឺ​ប៉ះពាល់​ដល់​មនុស្ស​ដែល​មាន​សុខភាព​ល្អ និង​ជា​គ្រោះថ្នាក់​ដល់​អ្នក​ដែល​មាន​ជំងឺ​ប្រចាំកាយ​ស្រាប់​៕

រដ្ឋធានី​ដេល្លី​មាន​កម្រិត​គុណភាព​ខ្យល់ AQI រហូតដល់ ៦៤០ កាលពី​ថ្ងៃ​សុក្រ