ដោយ៖ ដេប៉ូ/ភ្នំពេញ៖ ក្រសូងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ដំណើរការសំណេរនារសៀលថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា២០២៣ មានសភាពស្ងប់ស្ងាត់ល្អពុំមានសកម្មភាពអ្វីកើតឡើងគួរកត់សម្គាល់ឡើយ។
ក្រសួងបន្តឱ្យដឹងថាការប្រឡងបានប្រព្រឹត្តទៅដោយមានភាពស្ងប់ស្ងាត់ និងសណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុង និងក្រៅមណ្ឌល ដំណើរការប្រឡងបានប្រព្រឹត្តទៅតាមពេលវេលាដែលបានកំណត់។
គួរបញ្ជាក់ថាវិញ្ញាសានារសៀលថ្ងៃទី១នៃដំណើរការសំណេរមាន២មុខវិជ្ជាគឺ គីមីវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យា ភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម។
ជាមួយគ្នានេះក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ៕/r