ប្រែសម្រួល : កញ្ញាដាលីស (VnExpress) ៖ ទីក្រុងដែលីរបស់ឥណ្ឌានឹងរឹតបន្តឹងការប្រើប្រាស់យានយន្តនៅសប្តាហ៍ក្រោយដើម្បីទប់ស្កាត់ការកើនឡើងនៃការបំពុល ខណៈគុណភាពខ្យល់នៅក្នុងរដ្ឋធានីនៅតែមិនមានសុវត្ថិភាពបីថ្ងៃជាប់ៗគ្នា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយក៏ដោយ។
ញូវដែលីជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងដែលមានការបំពុលខ្លាំងបំផុតរបស់ពិភពលោកជារៀងរាល់ឆ្នាំមុនពេលចាប់ផ្តើមរដូវរងា នៅពេលដែលខ្យល់ស្ងប់និងសីតុណ្ហភាពទាបទាក់ទាញការបំពុលពីប្រភពនានា រួមទាំងយានជំនិះ ឧស្សាហកម្ម ធូលីសំណង់ និងការដុតកញ្ច្រាំងស្រូវនៅវាលស្រែក្បែរនោះ។
ផ្សែងអ័ព្ទយ៉ាងក្រាស់បានគ្របដណ្តប់លេខាធិការដ្ឋានសហព័ន្ធនិងវិមានប្រធានាធិបតីនៅកណ្តាលទីក្រុងកាលពីព្រឹកថ្ងៃចន្ទ ហើយបានកាត់បន្ថយការមើលឃើញនៅផ្នែកផ្សេងទៀត ខណៈការខឹងសម្បាជាសាធារណៈចំពោះគុណភាពខ្យល់គ្រោះថ្នាក់បានកើនឡើង ហើយទីក្រុងបន្តបិទសាលាបឋមសិក្សារហូតដល់ថ្ងៃទី ១០ ខែវិច្ឆិកា។
រដ្ឋបាលក្រុងបាននិយាយថា ខ្លួននឹងដាក់ចេញនូវច្បាប់យានជំនិះ “គូ-សេស” ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ដើម្បីកាត់បន្ថយកម្រិតនៃការបំពុលដែលរំពឹងថានឹងកើនឡើងបន្ទាប់ពីពិធីបុណ្យសាសនាហិណ្ឌូឌីវ៉ាលី (Diwali) នៅថ្ងៃទី ១២ ខែវិច្ឆិកា នៅពេលដែលការដុតផាវជាញឹកញាប់ត្រូវបានធ្វើឡើង បើទោះបីជាមានការហាមឃាត់ក៏ដោយ។
ច្បាប់នេះនឹងអនុញ្ញាតឱ្យយានជំនិះដែលមានលេខសេសនៅលើដងផ្លូវនៅថ្ងៃសេស និង យានយន្ត ដែលមានលេខគូ បរលើដងផ្លូវនៅថ្ងៃឆ្លាស់គ្នា។
អ្នកជំនាញបរិស្ថានបាននិយាយពីមុនមកថា ច្បាប់ ដែលធ្លាប់ដាក់ចេញជាច្រើនដងចាប់តាំងពីឆ្នាំ ២០១៦ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយការកកស្ទះចរាចរណ៍ជាងការកាត់បន្ថយការបំពុលខ្យល់។
យោងតាមការចងក្រងទាន់ពេលវេលាជាក់ស្តែងដោយក្រុមហ៊ុនស្វីស IQAir បានឱ្យដឹងថា គុណភាពខ្យល់គឺ “ធ្ងន់ធ្ងរ” សម្រាប់រយៈពេលបីថ្ងៃជាប់ៗគ្នានៅក្នុងទីក្រុងដែលីកាលពីថ្ងៃចន្ទ ដោយធ្វើឱ្យវាក្លាយជាទីក្រុងដែលបំពុលខ្យល់បំផុតទីពីរនៅលើពិភពលោក បន្ទាប់ពីទីក្រុងឡាហ័រ (Lahore) ក្នុងប្រទេសប៉ាគីស្ថាន៕
ប្រជាជនដើរកាត់ផ្សែងអ័ព្ទក្នុងក្រុងញូវដែលីកាលពីថ្ងៃចន្ទ