ដោយ៖ តារារិទ្ធ / ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា តាមរយៈសុខសន្តិភាព, គោលនយោបាយ សេដ្ឋកិច្ចបើកចំហ និងនយោបាយការទូតត្រឹមត្រូវ បានធ្វើឲ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើន និងទទួលបានការវិនិយោគជាបន្តបន្ទាប់ ហើយបានហុចផល ដល់ប្រជាពលរដ្ឋផងដែរ។
សម្ដេចធីបតី បានថ្លែងបែបនេះ នៅក្នុងការអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែតបានមានប្រសាសន៍បន្តថា យើងមិនយកប្រទេសណា ជាសត្រូវទេ យើងស្វាគមន៍ទាំងអស់ អញ្ចឹងបានជាខេត្តព្រះសីហនុ មានទាំងវិនិយោគ មកពីចិន មកពីជប៉ុន មកពីអឺរ៉ុប មកពីអាមេរិក ច្រើនណាស់ ។
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា កម្ពុជា បាននាំផលិតផលនានាទៅកាន់ តំបន់អឺរ៉ុប ទៅចិន ទៅអាហ្វ្រិក ទៅមជ្ឈឹមបូព៌ា ទៅតំបន់អាស៊ាន ដែលនេះ ក៏ព្រោះតែ កម្ពុជា មិនធ្វើសត្រូវជាមួយប្រទេសណាមួយឡើយ។
សម្តេច បានលើកឡើងថា ខេត្តព្រះសីហនុ ត្រូវពិនិត្យដាក់ចេញនូវគោលនយោបាយ ផ្សេងៗ ដើម្បីទាក់ទាញវិនិយោគ មកកាន់ខេត្តព្រះសីហនុ បន្តទៀត យើងកំពុងធ្វើ ផែនការមេ ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ។
សម្តេច បានបន្តថា យើងត្រូវគិតគូរជាកញ្ចប់ មិនអាចគិតតែខេត្តព្រះសីហនុនោះទេ ហើយយកខេត្ត បីទៀត ធ្វើជាគូប្រជែងរបស់ខេត្តព្រះសីហនុ នោះគឺយើងអត់អាចទាញ បានសក្ដានុពលនោះទេ គឺយើងយកខេត្តព្រះសីហនុ រួមជាមួយខេត្តបីទៀត ដើម្បីប្រកួត ប្រជែង ជាមួយនឹងប្រទេសផ្សេងៗ ។
សម្ដេចតេជោ បានមានប្រសាសន៍ថា ប្រសិនជាខេត្តព្រះសីហនុ ធ្វើត្រូវនោះ ខេត្តនេះ នឹងចិញ្ចឹមសេដ្ឋកិច្ចជាតិដ៏ធំ ៕ V / N