ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ក្រោមថវិកាគាំទ្រប្រចាំឆ្នាំរបស់ ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាហុកគីកម្ពុជា បានកំណត់នូវកាលបរិច្ឆេទរៀបចំការប្រកួត ជើងឯកជាតិ ប្រចាំឆ្នាំ២០២៣ ជាផ្លូវការហើយ។
លោក កាំង សុធា ដែលជាអគ្គលេខាធិការ របស់សហព័ន្ធ បានឲ្យដឹងថា ការប្រកួត នឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ដល់ ២០ វិច្ឆិកា ដែលនេះជាការប្រកួតក្នុងសាល បុរស នារី ដោយការប្រកួត ធ្វើនៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
លោកអគ្គលេខាធិការ បានឲ្យដឹងទៀតថា មានក្លិបចំនួន ៥ ចូលរួម ក្នុងនោះ មាន ៣ក្លិប ដែលមានទាំងក្រុមបុរស និងក្រុមនារី។ ចំពោះ ២ ក្លិបទៀត មានមួយក្លិប មានតែក្រុម បុរស និងមួយក្លិប មានតែក្រុមនារី។ នេះជាការប្រកួត ជាក្រុម ៦ នាក់ម្ខាង។
៣ ក្លិប ដែលមានទាំងក្រុមបុរស និងនារីនោះ មានក្រុមសុខសាន្ដរបស់ ខេត្តកំពង់ធំ ក្លិបរបស់អង្គការ PSE ដែលតំណាងឲ្យរាជធានីភ្នំពេញ និងក្លិប D-Cam តំណាងឲ្យ ខេត្តកណ្ដាល។ ចំពោះ ខេត្តកំពង់ស្ពឺ មានតែក្រុមនារីប៉ុណ្ណោះ និងក្លិប GYA មានតែ ក្រុមបុរសប៉ុណ្ណោះ។
ចំពោះប្រតិភូ គ្រូបង្វឹក គ្រូជំនួយ រួមជាមួយកីឡាករ កីឡាការិនី មានចំនួនជាង ១០០នាក់ ដោយមិនរាប់បញ្ចូល នូវគណៈកម្មការបច្ចេកទេសឡើយ៕ V / N