រដ្ឋបាល​កោះកុង​ដាក់ឱ្យ​ដំណើរការ​ច្រកចេញចូល​តែមួយ ក្រោយ​អនុលោម​ពី​ក្រសួងមហាផ្ទៃ​

1603
ចែករម្លែក
  • 14
    Shares

ដោយ​: សុ​ផានី​តា / កោះកុង​: អាជ្ញាធរ​ខេត្តកោះកុង សម្រេច​ដាក់ឱ្យ​ដំណើរការ​ច្រកចេញចូល​តែមួយ ដើម្បី​ធ្វើយ៉ាងណា​ចូលរួម​ផ្តល់​សេវា​រដ្ឋបាល និង​ការសុំច្បាប់​ធ្វើ​អាជីវកម្ម​ផ្សេងៗ ដោយ​តម្លាភាព ចំណាយ​តិច និង​ឆាប់រហ័ស​។ វត្តមាន​អង្គភាព​ច្រកចេញចូល​តែមួយ​ខេត្ត​នៅពេលនេះ ធ្វើឡើង​តាម​ការអនុលោម​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែ​កក្ដ​ដា ឆ្នាំ​២០១៨​។​ ប្រជាពលរដ្ឋ អាជីវករ និង​អ្នកវិនិយោគ អាចមក​ទទួល​សេវា​រដ្ឋបាល​នៅ​សាលាខេត្ត​កោះកុង បាន​យ៉ាង​ងាយស្រួល​ហើយ​ពុំ​ចាំបាច់​លំបាក ឬ​ចំណាយ​ថវិកា​ច្រើន​ដូចពេលមុនៗ​ឡើយ ចាប់ពី​ថ្ងៃទី​៨ សីហា នេះ​តទៅ ។

​តាម​លិខិតផ្លូវការ​កាលពី​ថ្ងៃទី​៦ សីហា ដែលមាន​ហត្ថលេខា​របស់លោក​ជំទាវ មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង បាន​បញ្ជាក់ថា ការផ្តល់សេវា​រដ្ឋបាល​ក្នុង​ក្របខណ្ឌ​យុទ្ធសាស្ត្រ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល រៀបចំឡើង​ក្នុង​គោលបំណង​បន្ត​ពង្រីក​សមត្ថភាព និង​អភិបាលកិច្ច​នៃ​ស្ថាប័នរដ្ឋ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​បម្រើសេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​ល្អ​ប្រសើរឡើង​ប្រកបដោយ​តម្លាភាព ចំណាយ​តិច និង​ងាយស្រួល​ឆាប់រហ័ស​។​

​អង្គភាព​ច្រកចេញចូល​តែមួយ​របស់​រដ្ឋបាលខេត្ត​កោះកុង នឹង​ផ្តល់​សេវា​រដ្ឋបាល​ដូចជា សេវា​បញ្ជា​ក់លើ​ឯកសារ​ថតចម្លង​នៃ​ផ្នែក​រដ្ឋបាល និង​ក្នុង​វិស័យ​សុខាភិបាល ទេសចរណ៍ សាធារណៈការ​និង​ដឹកជញ្ជូន វប្បធម៌ ព័ត៌មាន បរិស្ថាន ឧស្សាហកម្ម និង​សិប្បកម្ម​។ អ្វីដែល​ពិសេស​ទៀត​នោះ អង្គភាព​ថ្មី​នេះ​ក៏​ផ្តល់​សេវា​លើ​វិស័យ​រ៉ែ និង​ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដី​នគរូបនីយកម​ម្ម និង​សំណង់ វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ព្រមទាំង​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ពាក់ព័ន្ធ​នឹង​ការបើក​ដំណើរការ​អង្គភាព​ច្រកចេញចូល​តែមួយ​ថ្នាក់ក្រោម​ជាតិ​នេះ ត្រូវបាន​លោក មាន ជឿ និង​អ្នកស្រី សំ ធីតា ជា​ប្រជាពលរដ្ឋ បានបង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​យន្ត​ការផ្តល់សេវា​រដ្ឋបាល​តាម​តម្រូវការ​ប្រកបដោយ​តម្លាភាព កាត់បន្ថយ​អំពើពុករលួយ និង​ចំណេញ​ពេលវេលា​បាន​ច្រើន​ជាមុនៗ​។​
​ជាក់ស្តែង ដូច​ពួកគាត់​កំពុង​មក​ទទួល​សេវា​ធ្វើ​ប័ណ្ណ​ព្រំដែន​ពណ៌​ទឹកប៊ិច​គំរូ​ថ្មី​តែម្តង មន្ត្រី​អង្គភាព​ច្រកចេញចូល តែមួយ​ខេត្ត បានបង្ហាញ​ពី​នីតិវិធី​ផ្តល់​សេវា​រដ្ឋបាល ពេលវេលា​មក​ទទួល​ឯកសារ និង​ប្រាប់​តម្លៃ​មិន​ដូច​បារម្ភ​ទេ​។​

​គួរ​ជម្រាប​ថា ការបង្កើតឱ្យមាន​អង្គភាព​ច្រកចេញចូល​តែមួយ​នៅតាម​រដ្ឋបាល​រាជធានី​ភ្នំពេញ​ទាំង​២៥​ទូទាំងប្រទេស​នេះ តប​តាម​អនុលោម​សម្រេច​របស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅនេះ ដោយ​ច្រកចេញចូល​តែមួយ​នេះ ធ្វើការ​មាន​រយៈពេល​មួយ​សប្តាហ៍ ចាប់​ថ្ងៃ ចន្ទ ដល់ ថ្ងៃ​សុក្រ​។ ចំណែក​តម្លៃ​សេវា​រដ្ឋបាល​អ្វីមួយ គឺមាន​កំណត់​ក្នុង​តារាង​វិស័យ​នីមួយ​ផងដែរ​៕ ល​