ដោយៈដេប៉ូ / ភ្នំពេញ៖ ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ ព្រឹកថ្ងៃទី២នេះ មានបេក្ខជនអវត្តមាន ចំនួន ២.២៧៥ នាក់ ស្រី ៩២៤ នាក់ (ក្នុងនោះ បេក្ខជនស្វៃរិន ១.៨០៤ នាក់ ស្រី ៧៤៩ នាក់) ស្មើនឹង ១,៦៦ ភាគរយ មានបញ្ហាសុខភាព ៨១ ករណី ដែលក្នុងនោះ បេក្ខជនមានបញ្ហាសុខភាព មិនអាចបន្តការប្រឡងបាន មានចំនួន ៤ ករណី ក្រៅពីនេះ បេក្ខជនដែលមានបញ្ហាសុខភាពទាំងអស់ បានបន្តការប្រឡងជាធម្មតា។ នេះបើតាម ការឱ្យដឹងពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា។

គួរបញ្ជាក់ថា ក្នុងដំណើរការសំណេរ នាព្រឹកថ្ងៃទី២ មានពីរមុខវិជ្ជាគឺ អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា សម្រាប់ថ្នាក់ វិទ្យាសាស្ត្រសង្គម បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយ កើតឡើង គួរឲ្យកត់សម្គាល់ឡើយ។

ក្រសួងអប់រំ យុវជន និងកីឡា ជំរុញលើកទឹកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ ត្រូវថែរក្សា សុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារ ឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អ ក្នុងការប្រឡង។ ក្រៅពីនេះ នៅតាមមណ្ឌលប្រឡង នីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ។

គួររំលឹកថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ មណ្ឌលប្រឡងសរុប ២២៧ ស្មើនឹង ៥.៥៤៣ បន្ទប់។ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡង នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងទៀត ព្រមទាំងមានផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងអប់រំ យុវជន និងកីឡា៕ V / N