ដោយៈ សុផល / ភ្នំពេញ៖ នៅថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៣ គឺជាថ្ងៃគម្រប់ខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវល្បឿនលឿនដំបូងបង្អស់ នៅកម្ពុជា ភ្នំពេញ-ក្រុងព្រះសីហនុ។
ក្នុងរយៈពេល ១ឆ្នាំនេះ មានយានយន្តធ្វើដំណើរសរុបចំនួន ៤ ៦៧៩ ២២២ គ្រឿង។ ផ្លូវល្បឿនលឿននេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយក នូវបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព នៃការធ្វើដំណើរជូន ដល់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេស ផ្លូវមួយខ្សែនេះ បានចូលរួមសម្រួលដល់ការ ដឹកជញ្ជូនទំនិញ រវាង ប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ច ក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។
ពិធីអបអរសាទរខួប ១ឆ្នាំ នៃផ្លូវល្បឿនលឿននេះ បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្ថានីយបង់ប្រាក់ទី១ “ភ្នំពេញ” ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួររម្លឹកដែរថា ផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ទីក្រុងព្រះសីហនុ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានប្រារព្ធពិធីសម្ពោធ នាល្ងាចថ្ងៃពុធ ទី ៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និង លោក លី ខឺឈាង (Li Keqiang) អតីតនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋ ប្រជាមានិតចិន អមដោយវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរ៕ V / N