ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នេះ មានប្រជាពលរដ្ឋ ចូលរួមប្រមាណជិត ៦០០ នាក់ និងបានលើក ឡើងនូវ សំណើ សំណូមពរ យ៉ាងផុលផុស ដែលក្នុងនោះ ពួកគាត់បានលើកឡើងនូវ សំណើរផ្ទាល់មាត់ ចំនួន ១៧ នាក់ ស្មើនឹង ២៣ បញ្ហា និងតាមប្រអប់សំបុត្រ ចំនួន ១០០ នាក់ផ្សេងទៀត។
រាល់សំណើ និងសំណូមពរ សុំឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយនូវទុក្ខកង្វល់ របស់ពួគគាត់ ដែលភាគច្រើន ស្នើសុំធ្វើប្លង់កម្មសិទ្ធិលើអចលនៈទ្រព្យ ស្នើសុំជួសជុល និងដាក់លូ ជួសជុលផ្លូវ ស្នើសុំឱ្យពិនិត្យឡើងវិញ លើការបង់ពន្ធដីធ្លី កន្លងមក ដោះស្រាយការបញ្ហាលិចលង់ភូមិដ្ឋាន ដោយជំនន់ទឹកភ្លៀង និងបញ្ហាមួយចំនួន ដែលសេសសល ពីគម្រោងអភិវឌ្ឍន៍មូលដ្ឋាន ដោយសារការរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងឆ្នាំកន្លងទៅ។
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យនេះ ធ្វើឡើងក្រោមវត្តមាន លោក ជួប ខុន សមាជិកក្រុមប្រឹក្សា និងជាតំណាងលោកប្រធានប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និង លោក ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ តំណាងលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ដោយមានការចូលរួម ពីមន្រ្តីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងបរិវេណ វត្តពោធិ៍ចិនតុង។
ឆ្លើយតបនៅចំពោះមុខ ប្រជាពលរដ្ឋពាក់ព័ន្ធនឹងសំណើសុំធ្វើផ្លូវ ជួសជុលផ្លូវ ដាក់លូ ស្តាលូ ប្រឡាយ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ក៏បាន បង្ហាញពីកិច្ចសហការ ជាមួយរដ្ឋបាលខណ្ឌ ដើម្បីដោះស្រាយនូវសំណើទាំងឡាយ ណា ដែលស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន ឱ្យបានឆាប់ តាមតែអាចធ្វើទៅបាន។ ចំពោះ សំណើណា ដែលមានទំហំថវិកា លើសពីដែនសមត្ថកិច្ចរបស់មន្ទីរ លោកនឹងចុះសិក្សា លំអិត រួចដាក់ជូនអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចដោះស្រាយជូន ទៅតាមផែនការជាបន្តបន្ទាប់ នៅពេលក្រោយ។
ចំណែកឯបញ្ហាទីតាំងដាក់សំរាម នៅផ្សារសិនជួរី បញ្ហាពន្ធដា បញ្ហាធ្វើអត្ថសញ្ញាណ បណ្ណ ហួសសុពលភាព និងបញ្ហាពាក់ព័ន្ធមួយចំនួនទៀត ត្រូវបានអញ្ជើញមន្រ្តីជំនាញ ឡើងមកពន្យល់ និងចូលរួមដោះស្រាយ ជូនប្រជាពលរដ្ឋទាំងនោះ ប៉ុន្តែយ៉ាងណា អាជ្ញាធរ ក៏បានសុំការយោគយល់ ពីប្រជាពលរដ្ឋផងដែរ ចំពោះការយឺតយ៉ាវដោយសារ ត្រូវដោះស្រាយទៅតាមជំហាន ជាបន្តបន្ទាប់ជូន។
នាឱកាសនោះ លោក ហួត ហៃ អភិបាលរងរាជធានី បានមានប្រសាសន៍ថា វេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកនេះមានពលរដ្ឋ ចូលរួមយ៉ាងផុសផុល ទាំងផ្ទាល់មាត់ និងតាមប្រអប់សំបុត្រ បើទោះជាបញ្ហាខ្លះ ស្ថិតនៅក្នុងគម្រោងផែនការអភិវឌ្ឍន៍ ៣ ឆ្នាំរំកិលក្តី តែយើងបានបកស្រាយពន្យល់ ជូនពួកគាត់បានជ្រាបហើយដែរ។
លោកបានបន្តថា ចំពោះសំណើសុំ ដែលមិនទាន់បានដោះស្រាយ យើងនឹងបន្តយក ទៅពិភាក្សា និងដោះស្រាយ តាមក្រោយទៀត។
លោក ហួត ហៃ បានលើកឡើងទៀតថា ប្រទេសកម្ពុជានៅបន្តរក្សាបានសុខសន្តិភាព។ សុខសន្តិភាពនេះហើយ ដែលបានធ្វើដោយកម្ពុជាយើង អាចធ្វើជាម្ចាស់ផ្ទះសំរាប់កម្មវិធី ធំៗ ជាក់ស្តែង ដូចជា កិច្ចប្រជុំកំពូលអាស៊ាន ការប្រកួនកីឡាស៊ីហ្គេមជាដើម។ សមិទ្ធផលធំមួយទៀត ដែលកម្ពុជាសំរេចបាននោះ គឺកម្ពុជាឈរជើងយ៉ាងរឹងមាំ និងមិន ក្ស័យធន រក្សាបានកំណើនសេដ្ឋកិច្ចថែមទៀត ខណៈពិភពលោក កំពុងប្រឈមបញ្ហា សេដ្ឋកិច្ច បណ្តាលមកពីជំងឺកូវីដ-១៩ និងសង្ក្រាម នៅអ៊ុយក្រែនជាដើម។
ជាមួយគ្នានោះ លោក ជួប ខុន បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់នេះ ធ្វើឡើងក្នុង ១ ឆ្នាំម្តង ក្នុងត្រីមាសទី៤ អំឡុងខែតុលា វិច្ឆិកា និងខែធ្នូ ដើម្បីដោះស្រាយរាល់កង្វល់ សំណូមពរ និងសំណើ របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធបញ្ហា សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន បញ្ហាអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវា សាធារណៈជាដើម។ តាមរយៈវេទិកានេះ ក៏ចង់បង្ហាញពីសកម្មភាពការងាររបស់ អាជ្ញាធររាជធានីភ្នំពេញ ដែលបានបំពេញការងារបំរើប្រជាពលរដ្ឋ កន្លងមកនោះ តើបានគ្រប់ជ្រុងជ្រោយទេ ឬនៅមានចំណុចខ្វះខាតអ្វីខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋ លើកឡើង ពីចំណុចខ្វះខាតទាំងនោះ យកមកបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យរាជធានី ភ្នំពេញ មានសន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានល្អ មានការអភិវឌ្ឍន៍ ជាមួយនឹងការផ្តល់ សេវាសាធារណៈ បានកាន់ល្អប្រសើរ ឆ្លើយតបទាន់ពេលវេលា ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញទាំងមូល៕ V / N