ដោយៈភ្នំសន្ទុក/កំពង់ធំ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អេង ជា សាន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាននាំយកពូជស្រូវស្ដារឡើងវិញ របស់រាជរដ្ឋាភិបាល ចែកជូនដល់ប្រជាកសិករចំនួន ៥៤១គ្រួសារ មកពីឃុំចំនួន៤ ស្រុកស្ទោង ខេត្តកំពង់ធំ ។

លោក អេង ជាសាន បានណែនាំដល់បងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ និងស្រូវវស្សាដើម្បីចៀសសវាងនូវផលប៉ះពាល់ផ្សេងៗ។ ជាពិសេសការជន់លិចដោយសារជំនន់ទឹកភ្លៀង រដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងស្ទោង នៅក្នុងភូមិសាស្ត្រឃុំចំនួន៤ នៅក្នុងស្រុកស្ទោង គឺឃុំព្រះដំរី  រុងរឿង បន្ទាយស្ទោង និងឃុំទ្រា ដើម្បីយកទៅដាំដុះ បន្តទៀត និងសង្ឃឹមថាស្រូវទាំងអស់នោះនឹងទទួលបានផលល្អប្រសើរ។ 

លោកបន្តថា ក្នុងនោះប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល ជាពិសេសនៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹក និងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។

លោកក៏បានបញ្ជាក់ថា ពូជស្រូវព្រោះស្ដារនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន  រងគ្រោះជនលិចនារដូវវស្សាកន្លងទៅនេះ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

ស្រូវពូជព្រោះស្តារចំនួន ៥៤តោន និង១០០ គីឡូក្រាម ជាពូជស្រូវសែនក្រអូបមិនប្រកាន់រដូវ ចែកជូនប្រជាកសិករចំនួន ៥៤១គ្រួសារ លើផ្ទៃដីចំនួន ៣៤.០៣៤ហិចតា៕ P / N