ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ នៅមួយថ្ងៃមុន នៃការប្រារព្ធពិធីអបអរសាទរនៅថ្ងៃទី០៩ ខែវិច្ឆិកា ពោលគឺនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា តែងមានការរៀបចំ ឱ្យមានមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា មកពីតាមបណ្តាក្រសួងស្ថាប័ននានា ចូលគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ នៅមណ្ឌបព្រះបរមរូបក្បែរវិមានឯករាជ្យ។
ជាក់ស្តែង នាល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញបានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ អញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ” នៅមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ និងបានបន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ នៅសិលាចារឹក ព្រះរាជបណ្តាំ នៅសួន ព្រះករុណា ព្រះបរមរតនកោដ្ឋ” មុខព្រះបរមរាជវាំង។
គួររំលឹកថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាខួប៧០ឆ្នាំ ដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំដ៏ក្លៀវខ្លារបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ។ ដូចនឹងបណ្តាឆ្នាំកន្លងទៅដែរ ដើម្បីរំលឹកដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីនៃប្រទេសកម្ពុជា ពិធីអបអរសាទរត្រូវបានប្រារព្ធធ្វើឡើងយ៉ាងកងរំពង នៅលើបរិវេណវិមានឯករាជ្យក្នុងរាជធានីភ្នំពេញ ទីតាំងនិមិត្តរូបការដណ្តើមបានឯករាជ្យ។
ពិធីអបអរសាទររំលឹកខួបនៃការដណ្តើមបានឯករាជ្យ ត្រូវបានប្រារព្ធឡើងយ៉ាងកងរំពងក្រោមរាជាធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីនេះក៏មានការអញ្ជើញចូលរួមអបអរសាទរពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ការចូលគោរពព្រះវិញ្ញាណក្ខន្ធនេះ ធ្វើឡើងដើម្បីរលឹកនឹកដល់គុណូបការៈ និងវីរភាពដ៏ធំធេងរបស់សម្តេចព្រះបរមរតនកោដ្ឋ ដែលបានយាងបំពេញព្រះរាជបូជនីយកិច្ច និងបូជាអស់កម្លាំងព្រះកាយពល បញ្ញាញាណ ក្នុងការដណ្តើមឯករាជ្យពីប្រទេសបារាំង ហើយពិធីនេះ ក្រៅតែពីក្នុងរាជធានីភ្នំពេញ នៅតាមបណ្តាខេត្តនានាក៏មានការរៀបចំពិធីអបអរសាទរដល់ថ្ងៃជាប្រវត្តិសាស្ត្រ នៃការដណ្តើមបានមកវិញនូវសិទ្ធិសេរីភាព និងភាពជាម្ចាស់ទឹកដីរបស់ប្រជាជាតិកម្ពុជានេះផងដែរ៕ P / N