​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អ៊ី​វ៉ាន់​កា ត្រាំ កូនស្រី​របស់​អតីត​ប្រធានាធិបតី​ត្រាំ បាន​ឡើងឈរ​នៅ​ក្រចកសេះ​កាលពី​ថ្ងៃ​ពុធ​ក្នុង​ការកាត់ក្តី​អំពី​បទ​ក្លែងបន្លំ​ប្រឆាំង​នឹង​អាជីវកម្ម​គ្រួសារ​ត្រាំ ហើយ​បាន​និយាយថា​នាង​មិន​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការបង្កើត​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ជា​ចំណុច​សំខាន់​នៃ​សំណុំរឿង​នេះ​នោះ​ទេ​។​

​ស្ត្រី​វ័យ ៤២ ឆ្នាំ ដែល​បាន​ចាកចេញ​ពី​ក្រុមហ៊ុន Trump Organization ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ក្លាយជា​ទីប្រឹក្សា​សេត​វិមាន​កំពូល​របស់​ឪពុក​នាង មិនមែន​ជា​ចុងចោទ​ក្នុង​សំណុំរឿង​ក្លែងបន្លំ​រដ្ឋប្បវេណី​នេះ​ទេ ប៉ុន្តែ​ត្រូវបាន​កោះហៅ​ឱ្យ​ផ្តល់​សក្ខីកម្ម​។​

​លោក​ដូណាល់ ត្រាំ កូនប្រុស​ច្បង​របស់គាត់ ដូ​ណា​ល់ ជូនៀ និង អេ​រិក ព្រម​ទាំង​នាយក​ប្រតិបត្តិ​ដទៃ​របស់​ក្រុមហ៊ុន Trump Organization ត្រូវបាន​ចោទប្រកាន់​ពី​បទ​បំប៉ោង​តម្លៃ​អចលនទ្រព្យ​របស់​ពួក​គេ​រាប់​ពាន់​លាន​ដុល្លារ​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ធនាគារ​និង​លក្ខខណ្ឌ​ធានារ៉ាប់រង​ដែល​អនុគ្រោះ​។​

​បន្ទាប់​ពី​ស្បថ​រួច នាង​អ៊ី​វ៉ាន់​កា​ត្រូវ​បាន​សួរ​ដោយ​លោក ល្វីស សូ​ឡូ​ម៉ុន (Louis Solomon) ជា​មេធាវី​មក​ពី​ការិយាល័យ​អគ្គ​រដ្ឋអាជ្ញា​រដ្ឋ​ញូវយ៉ក ថា​តើ​នាង​មាន “​តួនាទី​ណាមួយ​ក្នុង​ការរៀបចំ​របាយការណ៍​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ដូណាល់ ត្រាំ​ឬទេ​?”

​នាង​បាន​និយាយថា “​ខ្ញុំ​មិន​បានដឹង​ទេ​។ ខ្ញុំ​មិន​បានដឹង​អំពី​ការ​ថ្លែង​ផ្ទាល់ខ្លួន​របស់​គាត់​ទេ ក្រៅពី​អ្វី​ដែល​លោក​បាន​បង្ហាញ​ខ្ញុំ​”។

​ប្រាក់កម្ចី​មួយចំនួន ដែល​ទទួល​បាន​ដោយ​ក្រុមហ៊ុន Trump Organization ត្រូវបាន​គេ​ព្យាករណ៍​ផ្អែកលើ​ការវាយតម្លៃ​របស់​អតីត​ប្រធានាធិបតី​អំពី​ទ្រព្យសម្បត្តិ​របស់​គាត់​។​

​នាង អ៊ី​វ៉ាន់​កា ត្រាំ ក៏​ត្រូវ​បាន​សួរ​អំពី​ប្រាក់​កម្ចី​ផ្សេងៗ​ដែល​ធ្វើឡើង​សម្រាប់​អាជីវកម្ម​គ្រួសារ​រវាង​ឆ្នាំ ២០១១ និង ២០១៦ ផងដែរ ប៉ុន្តែ​បាន​និយាយថា​នាង​មិន​អាច​ចងចាំ​ព័ត៌មាន​លម្អិត​បាន​ច្រើន​នោះទេ​។​

​នាង​បាន​និយាយ​អំពី​ការផ្ញើ​សារ​អ៊ីមែល​ឆ្លើយឆ្លង​ដែល​ពាក់ព័ន្ធ​នឹង​ធនាគារ Inbursa យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​មិន​ចាំ​ទេ ដែល​ឱ្យ​អង្គុយ​នៅ​ទីនេះ​ថ្ងៃនេះ រក​នឹក​លក្ខខណ្ឌ​ទាំង​នេះ​ពី​ឆ្នាំ ២០១១​​”។

​អគ្គ​រដ្ឋអាជ្ញា​នៃ​រដ្ឋ​ញូវយ៉ក លោកស្រី ឡេ​ទីធ្យា ជែម​ស៍ (Letitia James) បាន​និយាយ​នៅមុន​ការផ្តល់​សក្ខីកម្ម​របស់​នាង​អ៊ី​វ៉ាន់​កា​ថា នាង​បាន “​ធានា​និង​ចរចា​យក​ប្រាក់​កម្ចី​ដើម្បី​ទទួលបាន​លក្ខខណ្ឌ​អនុគ្រោះ​ដោយ​ផ្អែកលើ​របាយការណ៍​ក្លែងបន្លំ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​​”។

​លោកស្រី​ជែម​ស៍​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា “​នាង​នឹង​ព្យាយាម​ថ្ងៃនេះ​ដើម្បី​ដក​ខ្លួន​ឆ្ងាយ​ពី​ក្រុមហ៊ុន​។ តែ​គួរ​ឱ្យ​ស្តាយ ការពិត​នឹង​បង្ហាញឱ្យឃើញថា តាមពិត​នាង​ពិតជា​បាន​ជាប់​ពាក់ព័ន្ធ​យ៉ាងខ្លាំង​”។

“​យើង​បាន​លាតត្រដាង​ពី​គម្រោង​នេះ ហើយ​នាង​បាន​ទទួល​ប្រយោជន៍​ពី​វា​ផ្ទាល់​”៕

នាង​អ៊ី​វ៉ាន់​កា​ឡើង​ក្រចកសេះ​នៅ​តុលាការក្រុង​ញូវយ៉ក​កាលពី​ថ្ងៃ​ពុធ