ប្រែសម្រួល : កញ្ញាដាលីស (The Nation) ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃប្រទេសចិន ជប៉ុន និងកូរ៉េខាងត្បូងបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងវិធានការដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ការបាត់បង់ជីវចម្រុះ និងការបំពុលបរិស្ថាន។
នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានត្រីភាគីលើកទី ២៤ ដែលគេស្គាល់ថា TEMM24 ដែលធ្វើឡើងនៅទីក្រុងណាហ្គោយ៉ា ប្រទេសជប៉ុន ពីថ្ងៃសុក្រដល់ថ្ងៃសៅរ៍កន្លងទៅ ក្រុមរដ្ឋមន្ត្រីបានពិភាក្សាអំពីវឌ្ឍនភាពថ្មីៗនៃគោលនយោបាយបរិស្ថាននៅក្នុងប្រទេសនីមួយៗ និងរបៀបដែលពួកគេអាចធ្វើការកាន់តែជិតស្និទ្ធជាមួយគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ក្រុមរដ្ឋមន្ត្រីបាននិយាយថា ពួកគេមានឆន្ទៈក្នុងការបន្តស្វែងរកលទ្ធភាពកិច្ចសហប្រតិបត្តិការ “ត្រីភាគី + ១០” នៅក្នុងវិស័យដូចជា ការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថានសមុទ្រ ដើម្បីគាំទ្រដល់ការពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ប្រទេសទាំងបីបាននិយាយថា ពួកគេនៅតែប្តេជ្ញាចិត្តចំពោះពហុភាគីនិយមនិងមានឆន្ទៈក្នុងការលើកទឹកចិត្តឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធនៅក្នុងសន្និសីទបរិស្ថានថ្នាក់តំបន់ និងពិភពលោកធំៗនាពេលខាងមុខ។
លោក ហួង រុនឈីវ (Huang Runqiu) រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងអេកូឡូហ្ស៊ីរបស់ចិន បាននិយាយថា អស់រយៈពេលជាង ២០ ឆ្នាំមកនេះ ប្រទេសចិនបានគាំទ្រ TEMM ដែលជាយន្តការមួយក្នុងចំណោមយន្តការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីត្រីភាគីជាច្រើន។
លោកនិយាយថា “យើងចង់បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្រោមយន្តការអាស៊ានបូកបី និងយន្តការក្នុងតំបន់ផ្សេងទៀត ចូលរួមក្នុងការផ្លាស់ប្តូរព័ត៌មានបរិស្ថាននិងការចែករំលែកបទពិសោធន៍ជាមួយបណ្តាប្រទេសជាច្រើនទៀត និង ចែករំលែកសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការបរិស្ថានត្រីភាគីជាមួយដៃគូកាន់តែច្រើន ដោយរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីបូព៌ា និងសូម្បីតំបន់មួយកាន់តែធំឡើង។”
រដ្ឋមន្ត្រីក្រសួងបរិស្ថានកូរ៉េខាងត្បូង លោក ហាន វ៉ាជីន (Han Wha-jin) បាននិយាយថា អាកាសធាតុក្តៅខ្លាំង ដូចជាសីតុណ្ហភាពខ្ពស់ ភ្លៀងធ្លាក់ខ្លាំង និងព្យុះទីហ្វុងខ្លាំង បានក្លាយជាបទដ្ឋានទូទៅទៅហើយ ហើយប្រទេសទាំងបីចាំបាច់ត្រូវប្រមូលផ្តុំប្រាជ្ញារួមរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ៕