ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ស្ថានទូតចិនប្រចាំជប៉ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថាចិនបានសម្តែងការមិនសប្បាយចិត្តជាខ្លាំងចំពោះសេចក្តីថ្លែងការណ៍ពាក់ព័ន្ធចិនធ្វើឡើងដោយក្រុមរដ្ឋមន្ត្រីការបរទេសG7 និងបានទទូចសុំអោយប្លុកនេះឈប់ញុះញង់បង្កការប្រឈមមុខគ្នា ។
កិច្ចប្រជុំពីរថ្ងៃរបស់រដ្ឋមន្ត្រីការបរទេស G7នៅទីក្រុងតូក្យូបានបញ្ចប់កាលពីថ្ងៃពុធនិងផ្តោតសំខាន់លើការផ្អាកការប្រយុទ្ធដើម្បីមនុស្សធម៌ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងហាម៉ាសដើម្បីអនុញ្ញាតអោយជំនួយមនុស្សធម៌ចូលនិងជួយដោះលែងចំណាប់ខ្មាំង។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បណ្តាប្រទេសG7ក៏បានទទូចសុំអោយចិនដោះស្រាយគោលនយោបាយមិនទីផ្សារ កុំជួយរុស្ស៊ីនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន រក្សាសន្តិភាពនិងស្ថិរភាពកាត់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងអនុញ្ញាតអោយហុងកុងទទួលបានស្វ័យភាពកំរិតខ្ពស់។
ជាប្រតិកម្មតប ស្ថានទូតចិនប្រចាំជប៉ុនបាននិយាយថា« ចិននឹងប្រឆាំងដាច់ខាតយុទ្ធនាការមួលបង្កាច់ណាមួយចេញមកពីកម្លាំងខាងក្រៅ។ចិនសូមប្រឆាំងចេតនារបស់ប្រទេសដទៃដើម្បីបិទខ្ទប់ចិនពាក់ព័ន្ធនឹងតៃវ៉ាន់»។
ប្រធានាធិបតីតៃវ៉ាន់ បាននិយាយថាលោកស្រីនឹងបន្តធ្វើការជាមួយសមាជិកG7ឆ្ពោះទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកមួយសេរីនិងបើកចំហ។
សូមបញ្ជាក់ថាពាក្យសម្តីរិះគន់ណាពាក់ព័ន្ធនឹងកោះតៃវ៉ាន់និងហុងកុងតែងនាំអោយរដ្ឋាភិបាលទីក្រុងប៉េកាំងខឹង ពីព្រោះចិនគិតថាវាជាការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕
ជំនួបរដ្ឋមន្ត្រីការបរទេសG7នៅក្នុងតូក្យូនាសប្តាហ៍នេះផ្តោតលើជម្លោះរវាងអ៊ីស្រាអែលនិងហាម៉ាស តែបានឆ្លៀតនិយាយប៉ះពាល់ចិន