ដោយៈមុនីរ័ត្ន/ភ្នំពេញៈ  តបតាមការអញ្ជើញរបស់នាយឧត្ដម​សេនីយ៍ ហ្វាន វ៉ាន់ហ្សាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណ​រដ្ឋ​សង្គមនិយមវៀតណាម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់​ក្រសួងការពារជាតិកម្ពុជា ធ្វើទស្សនកិច្ចជាមិត្តភាព និងជាផ្លូវការនៅ​សាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣។  នេះបេីតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍  ឈុំ  សុជាតិ  អ្នកនាំពាក្យក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា  គោលបំណងនៃដំណើរ​ទស្សនកិច្ចនេះ គឺដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា វៀតណាម ឱ្យបានរឹងមាំ និង រីកចម្រើន ធានាបាននូវ សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នៃប្រទេសទាំងពីរ ក៏ដូច ជាសម្រាប់តំបន់ទាំងមូល។ ក្នុងដំណើរទស្សនកិច្ចរយៈពេល បីថ្ងៃ លើកទី ១ ទៅសាធារណរដ្ឋសង្គម និយមវៀតណាម នាយឧត្តម​សេនីយ៍​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សា​ការងារទ្វេភាគី ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ ខ្ពស់ ប្រធានរដ្ឋ និងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕សរន / N