ដោយ:បូកគោ/កំពត: អំឡុងពេល៣ឆ្នាំចុងក្រោយនេះ ផលិតផលបម្រើវិស័យទេសចរណ៍ក្នុងខេត្តកំពតមានសន្ទុះកើនឡើងខ្លាំងរហូតធ្វើឱ្យភ្ញៀវមកពីចម្ងាយប្លែកអារម្មណ៍ និងកោតសរសើរគ្រប់ៗគ្នា ហើយម្ចាស់ទីកម្សាន្តភាគច្រើននៅតែបន្តពង្រីក ក៏ដូចជាបង្កើនសេវាកម្មសម្រាប់បំពេញតម្រូវការភ្ញៀវដើម្បីបញ្ចៀសពីភាពដដែលៗ។
ជាភ្ញៀវមកពីខេត្តតាកែវរួមដំណើរដោយមិត្តភក្តិ៣នាក់ទៀតដែលចូលកម្សាន្តនៅរមណីយដ្ឋានទំនប់ម្លេច កញ្ញា ស្រីកែវ បានរៀបរាប់ថា កាលមិនទាន់កើតវិបត្តិកូវីដ-១៩ នាងធ្លាប់មកលេងខេត្តកំពតញឹកញយដែរ តែទំនប់ម្លេចនេះជាលើកទី២។ ពីមុន ខេត្តកំពតមិនសូវមានរមណីយដ្ឋានល្អៗទេ ប៉ុន្តែបច្ចុប្បន្ន កន្លែងកម្សាន្តកើតឡើងយ៉ាងសម្បូរបែប និងមានភាពស្រស់ស្អាត ហើយពោរពេញដោយក្តីសប្បាយរីករាយទៀតផង។ ភ្ញៀវដដែលបានបន្តថា កាលពី៣ឆ្នាំមុនរមណីយដ្ឋានទំនប់ម្លេចហាក់សោះកក្រោះ អ្នកមកលេងតិចតួច មិនដូចថ្ងៃនេះភ្ញៀវកុះករ កន្លែងលម្ហែ និងសេវាកម្សាន្តមានច្រើនប្រភេទ។
ក្រុមភ្ញៀវមកពីខេត្តកំពង់ចាមដែលចូលលេងនៅរមណីយដ្ឋានណាតាយ៉ាបានរៀបរាប់ថា កាលពី៥ឆ្នាំមុនខេត្តកំពតមិនសូវមានកន្លែងកម្សាន្តស្រស់ស្អាតដូចពួកគាត់មកឃើញថ្ងៃនេះឡើយ ត្រឹម២ថ្ងៃ ពួកគាត់មោនអាចដើរលេងបានគ្រប់កន្លែងទេ ពោលគឺត្រឡប់ទៅវិញទាំងសោកស្តាយព្រោះនៅតំបន់លម្ហែជាច្រើនទៀតដែលគ្មានពេលគ្រប់គ្រាន់ទៅគយគន់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានបញ្ជាក់ថា បច្ចុប្បន្ន តំបន់លម្ហែកម្សាន្តក្នុងខេត្តកំពតបានកើនដល់៣៦កន្លែង។ ចំពោះសេវាស្នាក់នៅក៏មានសន្ទុះខ្លាំងក្លាដូចគ្នាដែរ ដោយកន្លែងទទួលភ្ញៀវកើនដល់ជាង៥.០០០បន្ទប់ ពិសេសប្រភេទបឹងហ្កាឡូ និងរីស៊តជាង១.០០០ដែលអាចនិយាយបានថាខេត្តកំពតជាគោលដៅទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានបែបបឹងហ្កាឡូ រីស៊ត។ លោកប្រធានមន្ទីរបានបញ្ជាក់ថា កំណើនផលិតផលទេសចរណ៍ទាំងនោះបានកើតឡើងចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២ ខណ:ដែលសំណង់ថ្មីៗក៏កំពុងដំណើរការជាបន្តបន្ទាប់ថែមទៀតផង។
លោក លោក សុត គឹមស៊ាក់ អ្នកគ្រប់គ្រងរមណីយដ្ឋានដូងទេរបានរៀបរាប់ថា ទោះបច្ចុប្បន្ន ដូងទេរមានសេវាកម្មច្រើនប្រភេទក្តី តែម្ចាស់រមណីយដ្ឋានមានគម្រោងបង្កើនផលិតផលបម្រើវិស័យទេសចរណ៍ជាច្រើនបន្ថែមទៀតទាំងផ្នែកល្បែងកម្សាន្ត ក៏ដូចជាកន្លែងស្នាក់នៅដើម្បីបំពេញតម្រូវការភ្ញៀវឱ្យបានគ្រប់គ្រាន់។
លោក ប៉ូង វណ្ណា ម្ចាស់រមណីដ្ឋានធម្មជាតិទំនប់ម្លេចបានបញ្ជាក់ថា សព្វថ្ងៃ នៅមណ្ឌលកម្សាន្តរបស់លោកមានសេវាកម្សាន្ត និងម្ហូបអាហារច្រើនប្រភេទដែរ តែនៅខ្វះកន្លែងសម្រាប់ភ្ញៀវស្នាក់អាស្រ័យ។ ដូច្នេះលោកនឹងសាងសង់បន្ទប់ឱ្យបានច្រើនសម្រាប់ទទួលអតិថិជនសម្រាកលម្ហែដល់យប់ដើម្បីប្លែកអារម្មណ៍លើដែនដីជនបទនេះ៕ P / N