ដោយៈសុផល/ភ្នំពេញ៖កម្ពុជាបាននាំចេញអង្ករបានជិត៥៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ៣៧៧លានដុល្លារ និងនាំចេញស្រូវចំនួនជាងបី លានតោន ដែលគិតជាទឹកប្រាក់ ៨៦២លានដុល្លារ។នេះ បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវងអង្ករកម្ពុជា។
ក្រុមហ៊ុននាំចេញអង្ករចំនួន៥៧ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន ៥៩ប្រទេស ដែលក្នុងនោះ ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តមានចំនួន ១៧៧ ២៨៥ តោន ដែលគិតជាទឹកប្រាក់មានចំនួន១១៥.៣០លាន ដុល្លារអាម៉េរិក។
ប្រទេសនៅទ្វីបអឺរ៉ុបចំនួន២៦ប្រទេស បានចំនួន ២១៧ ០៦៨ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១៥៥.៥៨ លានដុល្លារ។ នាំចេញទៅកាន់ប្រទេសសមាជិកអាស៊ានចំនួន ៦ ប្រទេស បានបរិមាណចំនួន ៦២ ៤៩២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២.៣២ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈិមបូព៌ា ចំនួន២៥ប្រទេស បានចំនួន៧៣ ០៧៩ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៦៤.៣០ លានដុល្លារ។
របាយការណ៍ដដែលបានឱ្យដឹងថាសម្រាប់ខែតុលា ឆ្នាំ ២០២៣ កម្ពុជាបានធ្វើការនាំចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ី ជាលើកដំបូងបានចំនួន ៦ ៥០០តោន ដែលគិតជាទឹកប្រាក់ បានចំនួន ៤.២២លានដុល្លារ ដែលក្នុងនោះ ចំនួន៣ ៥០០តោន បានដឹកទៅដល់កំពង់ផែប្រទេសឥណ្ឌូនេស៊ីរួចហើយ។
ក្នុងរយៈពេល១០ខែមកនេះដែរ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ៣០៨ ៦៤៨ តោន ដែលគិតជាទឹកប្រាក់បានប្រមាណ ៨៦២.៤៦ លាន ដុល្លារអាម៉េរិក ដែលក្នុងនោះជាង ៦០ភាគរយ បាននាំចេញដោយបានឆ្លងកាត់ ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ចផងដែរ។ នេះបើ តាមការបញ្ជាក់បន្ថែមពី សហព័ន្ធស្រូវអង្ករកម្ពុជា៕srn / N