ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ យន្តហោះ B-21 Raider បានធ្វើការហោះហើរសាកល្បងលើកដំបូងរបស់ខ្លួនកាលពីថ្ងៃសុក្រ ដោយរុញយន្តហោះចម្បាំងនាពេលអនាគតនេះឱ្យកាន់តែខិតជិតក្លាយជាយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយបំពាក់អាវុធនុយក្លេអ៊ែរបន្ទាប់របស់អាម៉េរិក។
យន្តហោះ Raider បានហោះហើរនៅទីក្រុងផាមឌែល (Palmdale) រដ្ឋកាលីហ្វ័រញ៉ា កន្លែងដែលវាស្ថិតក្រោមការសាកល្បងនិងការអភិវឌ្ឍដោយក្រុមហ៊ុន Northrop Grumman ។
កងទ័ពអាកាសគ្រោងនឹងផលិតយន្តហោះចម្បាំងនេះចំនួន១០០ គ្រឿង ដែលមានស្លាបដូចយន្តហោះ B-2 Spirit ជំនាន់មុនដែរ ប៉ុន្តែនឹងបញ្ចូលវត្ថុធាតុទំនើបៗ កម្លាំងរុញច្រាន និងបច្ចេកជ្ជាបំបាំងកាយទំនើបៗ ដើម្បីធ្វើឱ្យពួកវាអាចរស់រានមានជីវិតខ្ពស់ថែមទៀតនៅក្នុងជម្លោះនាពេលអនាគត។ យន្តហោះនេះគ្រោងផលិតឡើងជាប្រភេទអត់អ្នកបើកផងនិងមានអ្នកបើកផង។
អ្នកនាំពាក្យកងទ័ពអាកាសអាម៉េរិកលោកស្រី អាន ស្តេហ្វានេក (Ann Stefanek) បាននិយាយថា “យន្តហោះ B-21 Raider កំពុងស្ថិតក្នុងការសាកល្បងហោះហើរ។”
លោកស្រីស្តេហ្វានេកបាននិយាយថា ការសាកល្បងបែបនេះគឺជាជំហានដ៏សំខាន់នៅក្នុងយុទ្ធនាការនេះដើម្បីផ្តល់នូវ “សមត្ថភាពវាយប្រហារ ដែលអាចរស់រានមានជីវិត អាចហោះបានចម្ងាយឆ្ងាយ និងអាចជ្រៀតចូលគេបាន ដើម្បីទប់ស្កាត់ការឈ្លានពាននិងការវាយប្រហារជាយុទ្ធសាស្ត្រប្រឆាំងនឹងសហរដ្ឋអាម៉េរិក សម្ពន្ធមិត្ត និងដៃគូ។”
B-21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកថ្មីដំបូងគេក្នុងរយៈពេលជាង ៣០ ឆ្នាំ ហើយស្ទើរតែគ្រប់ទិដ្ឋភាពនៃកម្មវិធីទាំងអស់ត្រូវបានចាត់ជាការសម្ងាត់។ ទាំងក្រុមហ៊ុន Northrop Grumman និងកងទ័ពអាកាសបានព្យាយាមការពារព័ត៌មានលម្អិតរបស់កម្មវិធីនេះ ដើម្បីទប់ស្កាត់ចិនកុំឱ្យទទួលបានបច្ចេកវិជ្ជាសព្វាវុធនេះ និងបង្កើតយន្តហោះស្រដៀងគ្នា ដូចដែលចិនធ្លាប់បានចម្លងតាមប្រព័ន្ធអាវុធទំនើបៗផ្សេងទៀតរបស់សហរដ្ឋអាម៉េរិក ដូចជាយន្តហោះចម្បាំង F-35 ជាដើម៕
B-21 Raider គឺជាយន្តហោះទម្លាក់គ្រាប់បែកអាម៉េរិកថ្មីដំបូងគេក្នុងរយៈពេលជាង ៣០ ឆ្នាំមកនេះ