ដោយៈ ចាន់តូ / ភ្នំពេញ៖ យុវជនម្នាក់ ត្រូវបានអ្នកដំណើរតាមផ្លូវ ប្រទះឃើញស្លាប់ផ្កាប់ មុខ ទាំងពាក់មួកសុវត្ថិភាព កប់ក្រោមកំប្លោក នៅក្នុងប្រឡាយទឹក មួយកន្លែង ដោយមានសភាពហើមស្អុយទៅហើយ និងពុំទាន់ដឹងថា គាត់ស្លាប់ ដោយសារតែ អំពើឃាតកម្ម ឬជាករណីអ្វីនៅឡើយទេ ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងប្រឡាយទឹក តាមមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីអ្នកស្គាល់ជនរងគ្រោះ បានបញ្ជាក់ថា យុវជនរងគ្រោះ ឈ្មោះ រិន ណៃរ៉ុន អាយុជាង ២០ ឆ្នាំ ជាសិស្សនៅសាលាពហុបច្ចេកទេសកម្ពុជា ហៅសាលាកូរ៉េ សពយុវជនខាងលើ ពាក់អាវយឺត ពណ៌ខៀវដៃខ្លី ស្លៀកខោខូវប៊យ ជើងវែង ពាក់ស្បែកជើងផ្ទាត់ ព្រមទាំងពាក់មួកសុវត្ថិភាព ពណ៌ផ្កាឈូក​ មានស្រុកកំណើត នៅខេត្តកំពង់ចាម ជិះម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿង ហើយជំហ៊ានដំបូង គេបានសន្និដ្ឋានថា ជិះម៉ូតូធ្លាក់ទឹក ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោងខាងលើ មានអ្នកដំណើរមួយក្រុម ជិះរថយន្ត ១គ្រឿង ធ្វើដំណើរតាមមហាវិថីឈ្នះឈ្នះ ទៅឈប់បត់ជើងតូច នៅត្រង់ចំណុចកើតហេតុនោះ ហើយបានប្រទះឃើញសាកសពបុរសខាងលើ ក៏បានស្រែកហៅអ្នកលក់ប្រេង នៅជិតនោះ ឲ្យជួយទៅមើល។ បន្ទាប់មក អ្នកលក់ប្រេង ក៏បានទូរស័ព្ទប្រាប់នគរបាលប៉ុស្តិ៍សំរោងក្រោម ឲ្យទៅពិនិត្យភ្លាមៗផងដែរ ហើយ ក្រោយពេលទទួលបានដំណឹងនោះ នគរបាល បានចុះទៅចងខ្សែហ៊ុមព័ទ្ធ កន្លែងកើតហេតុ រួចរាយការណ៍ជូននគរបាល ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើកោសល្យវិច័យ៕/V/r