ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី(Ebrahim Raisi )បាននិយាយកាលពីថ្ងៃសៅរ៍ថា ពេលវេលាមកដល់ហើយសំរាប់ធ្វើសកម្មភាពអំពីជម្លោះនៅហ្កាហ្សាជាជាងគ្រាន់តែនិយាយ នៅពេលលោកចេញដំណើរទៅកាន់អារ៉ាប៊ីសាអូឌីត ដើម្បីចូលរួមជំនួបកំពូលមួយស្តីពីសង្គ្រាមរវាងអ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធហាម៉ាស។
ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី
លោករ៉ាយស៊ី បាននិយាយនៅអាកាសយានដ្ឋានក្រុងតេហេរ៉ង់ថា «ហ្កាហ្សាមិនមែនជាសង្វៀនមួយសំរាប់ពាក្យសម្តីទេ។វាគួរជាកន្លែងធ្វើសកម្មភាព។ថ្ងៃនេះ ឯកភាពរបស់បណ្តាប្រទេសអារ៉ាប់សំខាន់ខ្លាំងណាស់»។
សូមបញ្ជាក់ថា វាជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំអ៊ីរ៉ង់ម្នាក់ទៅកាន់អារ៉ាប៊ីសាអូឌីតចាប់តាំងពីរដ្ឋាភិបាលទីក្រុងតេហេរ៉ង់និងរីយ៉ាដបញ្ចប់អរិភាពរាប់ឆ្នាំនឹងគ្នាក្រោមកិច្ចព្រមព្រៀងមួយដែលសម្របសម្រួលដោយចិនកាលពីខែមីនា។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ដែលអមដំណើរលោករ៉ាយស៊ី បាននិយាយថា« ជំនួបកំពូលនេះនឹងបញ្ជូនសាររឹងមាំមួយទៅកាន់ពួកនិយមសង្គ្រាមនៅក្នុងតំបន់ និងលទ្ធផលរបស់វាគឺសុំអោយបញ្ឈប់ឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងទឹកដីប៉ាឡេស្ទីន»។
ចំណែកលោករ៉ាយស៊ីបាននិយាយថា« អាម៉េរិកនិយាយថា ខ្លួនមិនចង់ពង្រីកសង្គ្រាមនិងបានបញ្ជូនសារមកកាន់អ៊ីរ៉ង់ព្រមទាំងប្រទេសជាច្រើន។តែពាក្យសម្តីទាំងនេះមិនស៊ីគ្នានឹងអំពើរបស់អាម៉េរិកទេ»។
លោកថា«ម៉ាស៊ីនសង្គ្រាមនៅហ្កាហ្សាស្ថិតនៅក្នុងដៃអាម៉េរិក ដែលរារាំងបទឈប់បាញ់មួយនៅហ្កាហ្សានិងពង្រីកសង្គ្រាម។ពិភពលោកត្រូវតែមើលឃើញមុខមាត់ពិតរបស់អាម៉េរិក»៕