ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ព្រះអង្គធុតុង្គ ព្រះធម្មវនវាសី ចន្ទមុនី ដែលធ្លាប់ សំណាក់ធម៌ នៅព្រៃមួយកន្លែង នាខេត្តកំពង់ឆ្នាំង បាននិមន្តចូលរួមបុណ្យកឋិនទាន នៅវត្តសម្បូរណ៍សាមគ្គី ប្រាសាទមានជ័យ ភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ហេតុនេះ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការកងឯកភាព រដ្ឋបាលខេត្តបន្អាយមានជ័យ និងមន្ត្រី បានប្រញាប់ចុះផ្ទាល់ទៅកាន់ទីនោះ ពិនិត្យ ដាក់បទបញ្ជា ណែនាំម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់ និងរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ នៅក្នុងតំបន់ទីតាំងនៃការប្រារព្ធពិធីបុណ្យ ។ ទោះជាយ៉ាងណា រដ្ឋបាលខេត្ត មិនបានជំរុញលើកទឹកចិត្ត ឬក៏រារាំងចលនាមហាជន ដែលភ្លូកទឹកក្លូកដី ទៅចង់ជួប សុំពរជ័យសិរីសួស្តី ដើម្បីសេចក្ដីសុខចម្រើន ជោគជ័យ មានលាភ មានយសពីព្រះអង្គធុតុង្គ ព្រះធម្មវនវាសី ចន្ទមុនី នោះឡើយ។ អាជ្ញាធរ និងសមត្ថកិច្ច កងកម្លាំង បានសម្រួលឱ្យមហាជន ប្រជាពុទ្ធបរិស័ទ ដែលជាអ្នកមាន ជំនឿ បានទៅបំពេញកិច្ច ចិត្ត និងអារម្មណ៍របស់ពួកគេ ។
លោក អ៊ុំ រាត្រី បានបញ្ជូនលោក យឹម សំណាង អភិបាលរងខេត្ត លោក ជា សេងអាន នាយករងរដ្ឋបាលខេត្ត លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនា លោក យង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ទៅសហការជាមួយលោកស្នងការ រងនគរបាលខេត្ត លោកមេបញ្ជាររង កងរាជអាវុធហត្ថខេត្ត លោក លឿង សូភក្តិ អភិបាលស្រុកស្វាយចេក និងមន្ត្រីរាជការស៊ីវិល កងកម្លាំង គ្រូពេទ្យ ខណៈព្រឹត្តិការណ៍ នេះ មានយានយន្ត រាប់រយពាន់គ្រឿង ជាមួយនឹងប្រជាពុទ្ធបរិស័ទ មហាជនជិតឆ្ងាយ ប្រមាណ ៣ ម៉ឺននាក់ ទៅរង់ចាំថ្វាយបង្គំ និងសុំអ្វីៗពី ព្រះអង្គធុតុង្គ ព្រះធម្មវនវាសី ចន្ទមុនី តាមបំណងប៉ងប្រាថ្នា ក្នុងអារម្មណ៍ជំនឿរបស់គេ ។
មន្ត្រីប្រចាំការ បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី ១២ ខែវិច្ឆិកានេះថា ព្រឹត្តិការណ៍ ខាងលើ កាលពីថ្ងៃសៅរ៍ និងអាទិត្យទី ១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ មិនមានបញ្ហា អសន្តិសុខ ឬបាតុភាពអ្វីកើតឡើងទេ ។ ព្រះអង្គធុតុង្គ ព្រះធម្មវនវាសី ចន្ទមុនី បានផ្សាយជំនឿ ទេសនា ប្រោសព្រំ ហើយចាកចេញដោយសុវត្ថិភាព ទៅបំពេញកិច្ច បែបនេះ នៅកន្លែងផ្សេងទៀត ក្នុងខេត្តផ្សេងទៀត៕/V/r