ស្ត្រី​វៀតណាម​ដែល​ចាប់​ក្មេង​នៅ​ទួល​សង្កែ កាលពី​ម្សិលមិញ​ត្រូវបាន​ដោះលែង​ក្រោយ​ពេទ្យ​ពិនិត្យឃើញថា​សតិមិនគ្រប់

2669
ចែករម្លែក

(​ភ្នំពេញ​) ៖ ជនជាតិ​វៀតណាម​ដែល​ជាប់ចោទ​ពីបទ​ល្បួង​ចាប់​ក្មេងស្រី​ម្នាក់​នៅក្នុង​ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​កាលពី​​ម្សិលមិញ​នោះ ត្រូវ​នៅ​នគរបាល​ដោះលែង​ហើយ​នៅ​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៧​បន្ទាប់ពី​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅ​មន្ទីរពេទ្យ​​កាល​ម៉ែត្រ​នឹង​មន្ទីរពេទ្យ​កម្ពុជា​សូ​វៀត​ឃើញថា​ស្ត្រី​រូបនេះ​មិន​គ្រប់ទឹក​ដូច​ការអះអាង​របស់​ស​មា​ជិ​ក​គ្រួសារ​មែន​។​

​បើតាម​លោក​វរសេនីយ៍ឯក ទៀង ចាន់​សា អធិការ​ខណ្ឌឫស្សីកែវ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​និង​ប៉ុស្តិ៍​ទួល​សង្កែ​បាន​បញ្ជូន​ស្ត្រី​សតិ​​មិន​គ្រប់​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ដើម្បី​ពិនិត្យ (​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​រោគសញ្ញា​សរសៃប្រសាទ ប៉ុន្តែ​ដោយ​មន្ទី​ពេ​ទ្រ​កាល់​ម៉ែត្រ មិនមាន​វេជ្ជបណ្ឌិត​ឯកទេស​សម្រាប់​ពិនិត្យ​និង​ព្យាបាល កម្លាំង​អធិការដ្ឋាន​ក៏បាន​បន្ត​បញ្ជូនទៅ​មន្ទីរពេទ្យ មិត្តភាព​កម្ពុជា សូ​វៀត​។​

​លោក​អធិការ​បន្តថា​ជា​លទ្ធផល​នៃ​ការពិនិត្យ​របស់​វេជ្ជបណ្ឌិត​ឯកទេស នៅ​រសៀល​ថ្ងៃ​២៧​កក្កដា​នេះ បាន​បញ្ជាក់ថា​ស្ត្រី​ខាងលើ​ពិតជា​​មាន​ជំងឺសរសៃប្រសាទ ហើយ​បានផ្តល់​ថ្នាំ​សរសៃប្រសាទ​សម្រាប់​លេប​ព្យាបាល​ចំនួន​៣​សប្តាហ៍ ប៉ុន្តែ​អោយ​មួយ​សប្តាហ៍​ត្រូវ​ទៅពិនិត្យ​ម្តង ព្រមទាំង​បានចេញ​សំបុត្រ​បើក​ថ្នាំ​ដល់​ស្ត្រី​ខាងលើនេះ​យកទៅ​ព្យាបាល​ជា​បន្តបន្ទាប់​។​

​បន្ទាប់ពី​ទទួលបាន​លទ្ធផល​បឋម ដើមបណ្តឹង​និង​ក្រុមគ្រួសារ​របស់​ក្មេងស្រី សំរេច​មិន​បន្ត​ការ​ប្តឹងផ្តល់​ហើយ​សមត្ថ​កិច្ច​បាន​រាយ​ការណ៍​ជូន​ព្រះរាជអាជ្ញារង ហើយ​បានអោយ​ស្ត្រី​នោះ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ ដោយមាន​ការធានា​ពី​ក្រុមគ្រួសារ​។​

កុមារីរងគ្រោះ ឪពុកម្តាយនិងស្រ្តីវៀតណាមជាជនសង្ស័យ

​សូមបញ្ជាក់ថា​ ​ស្ត្រី​ជនជាតិ​វៀតណាម​នេះ ត្រូវ​ឪពុក​របស់​ក្មេងស្រី អាយុ​១៤​ឆ្នាំ​ម្នាក់ រួម​និង​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ដោយ​ចោទប្រកាន់ថា ខ្លួនគេ​បាន​លួងលោម និង​បម្រុង​ចាប់​កូនស្រី​គាត់ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៧ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​មុខ​សាលា​ប៊ែ​ល​ធី ក្នុងភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ​ចាំង ភេទ​ស្រី​អាយុ​២៦​ឆ្នាំ មុខរបរ កោសខ្យល់ ស្នាក់​ភូមិ​សាមគ្គី សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សី​​កែវ ។ ចំណែក​ក្មេងស្រី​រងគ្រោះ​មានឈ្មោះ​រស់ ស្រី​និ​ច ភេទ​ស្រី អាយុ​១៤​ឆ្នាំ​មុខរបរ សិស្ស ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ៕​ដោយ​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម