ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅល្ងាចថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីបិទការប្រណាំងទូក ង ថ្នាក់ខេត្ច ចំនួន ២៨ ទូក អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅដងស្ទឹងសិរីសោភ័ណ នាក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្នុងសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ឆ្នាំ២០២៣ ។
លោក កែ គឹមយ៉ាន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងរាស្ត្រមណ្ឌលបន្ទាយ មានជ័យ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ
បានអញ្ជើញចូលរួមជាអធិបតី ព្រមទាំងថ្នាក់ដឹកនាំខេត្ត សមាជិកព្រឹទ្ធសភា រដ្ឋសភា មេបញ្ជាការ ស្នងការ កងកម្លាំងគ្រប់កងឯកភាព ព្រមទាំងអភិបាលរងខេត្ត ជិតខាង និងប្រតិភូបរទេស មកពីខេត្តស្រះកែវ ប្រទេសថៃ អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្ត បាត់ដំបង កុងស៊ុលកូរ៉េខាងត្បូង ប្រចាំខេត្តសៀមរាប អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះ កែវ ផងដែរ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងនាមគណ:កម្មការរៀបចំកម្មវិធី បានឱ្យដឹងថា ការរៀបចំពិធីប្រណាំងទូកនេះ គឺធ្វើឡើង ដើម្បីជាការកម្សាន្តសប្បាយ រំសាយការនឿយហត់ របស់ប្រជាពលរដ្ឋ ទាំងនៅក្នុងខេត្ត ក៏ដូចជាមកពីបណ្តាខេត្ត ជិតឆ្ងាយ និងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងមកដល់នៅថ្ងៃទី ២៧-២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ក្នុងគោលដៅចូលរួមថែរក្សាទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីជាតិ។
លោកបានបន្តថា ការរៀបចំប្រណាំងទូកឆ្នាំនេះ មានពុកម៉ែ បងប្អូនប្រជាពលរដ្ឋ មកយ៉ាងច្រើនកុះករ ជាមួយការមកទស្សនាការតាំងពិព័រណ៍ ផលិតផលខ្មែរ ការបណ្តែតប្រទីបអង្គភាពរដ្ឋ នាពេលរាត្រី ពេលចប់កម្មវិធីប្រណាំងទូក ។ ការរៀបចំ រយៈពេល ២ ថ្ងៃមកនេះ ទទួលបានជោគជ័យ មិនមានបញ្ហា ឬបាតុភាពអ្វីនោះទេ ។
កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីពាក់ព័ន្ធ គណៈកម្មការនានា នៃការរៀបចំកម្មវិធីបុណ្យ បានដំណើរការដោយជោគជ័យ រលូនល្អ បង្ករការកម្សាន្ត សប្បាយជូនពលរដ្ឋ មកពីគ្រប់ទិសទី រក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ។
លោក អ៊ុំ រាត្រី បានបន្តថា ការរៀបចំប្រណាំងទូក នៅស្ទឹងសិរីសោភ័ណ មានទូកចូលរួម ប្រមាណ ២៨ ទូក ជាលទ្ធផលគឺ ១-ទូកចំណុះ ៦៥-៧៥នាក់ លេខ១ បានទៅទូកឈ្មោះ សុវណ្ណរាជសីបារមីបន្ទាយមហានគរ មកពីវត្តសុវណ្ណរង្សីយារាម ត្រូវទៅប្រកួតបន្ត នៅថ្នាក់ជាតិ នារាជធានីភ្នំពេញទៀត ។ លេខ២ បានទៅទូកឈ្មោះពិសីមានជ័យបបារមីស្រីស្អាត មកពីវត្តស្តីមង្គលធារាមចម្ការចេក ។លេខ៣ បានទៅទូកឈ្មោះមង្គលបូរីមានជ័យបារមីនាយកនសន្តិភាព មកពីវត្តស៊ិន សុន្នារាម ចំណោម ។
២-ទូកចំណុះ៤៥ នាក់ លេខ១ បានទៅទូកឈ្មោះ តេជោសែន ជ័យ បារមីនាគរាជ មកពីវត្តពោធិមាសទឹកជោ ។ លេខ២ ទូកឈ្មោះ ព្រះពន្លាមានជ័យ ស្រីក្រឡេកញញឹម មកពីវត្តរាជវេសនារាម ព្រះពន្លា ។
៣- ទូកចំណុះ ២២ នាក់ លេខ១ បានទៅទូកឈ្មោះ សាមគ្គីមានជ័យ បារមីសារាយ អណ្តែត មកពីវត្តស្តីសុវណ្ណ រាម ផ្លូវសៀម ។ លេខ២ ទូកឈ្មោះមហាលាភម៉ៅ ម៉ាល័យ មានជ័យ បារមីវត្តអង្គាបុស្ប មកពីវត្តអង្គាបុស្ប និងលេខ៣ ទូកឈ្មោះ សុវណ្ណនាគា មានជ័យបារមី អង្ករខ្មៅ មកពីភូមិអង្ករខ្មៅ។
៤-ទូកចំណុះ ៥ នាក់ លេខ១ បានទៅទូកឈ្មោះ ស្មាតវើល ជោគជ័យ បារមី UME មកពីវត្តចម្ការចេក ឃុំគយម៉ែង ។ លេខ២ ទូកឈ្មោះ ឥន្ទ្រីមាស សែនជ័យ មកពីវត្តនន្ទ សារិគន្ធារាម និងលេខ៣ ទូកឈ្មោះ កន្ទោងខៀវមានឬទ្ធិ មកពីវត្តស្តីសុវណ្ណរាម ផ្លូវសៀម ។
លោក កែ គឹមយ៉ាន តំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរៀបចំ កម្មវិធីប្រណាំងទូក និងព្រឹត្តិការផ្សេងៗទៀតរបស់ខេត្តនេះ ដើម្បីបង្ហាញពីភាពរីកចម្រើនរបស់ខេត្ត ក្រោមម្លប់សុខសន្តិភាពរបស់ជាតិ។
ជាមួយគ្នានោះ លោកក៏បានអរគុណ ដល់ចំណុះទូកទាំងអស់ ចេះសាមគ្គីគ្នា ទឹកចិត្តជា កីឡាប្រឹងប្រែងក្នុងប្រកួត ដណ្តើមយកជ័យជម្នះ ដើម្បីសម្រាប់វត្តមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសបិទនោះ គណៈអធិបតី ក៏បានប្រគល់ពានរង្វានជ័យលាភី ថវិកា គ្រឿងឧប ភោគបរិភោគមួយចំនួន ។
ចំពោះវង្វាន់ គឺជ័យលាភីលេខ១ ទទួលបានពាន ទង់ និងថវិកា មី ភេសជ្ជៈ:កំប៉ុង ស្រាបៀរ ទឹកស្វាយ ទឹកពិសាបរិសុទ្ធ ។ ឯលេខ២ និង លេខ៣ បានដូចរង្វាន់ តែគ្មានពាន ទង់ គឺបានទៅតាមគម្រោងផែនការរៀបចំស្រេច តាមចំណាត់ថ្នាក់ ប្រភេទចំណុះទូក ទាំង ២៨ ទូក ដែលបានចូលរួមប្រកួត ។
គណៈអធិបតី ក៏បានផ្តល់ថវិកាឧបត្ថម្ភដល់ អនុគណៈកម្មការទូកនីមួយៗរបស់ខេត្ត ដែលបានដឹកនាំទទួលខុសត្រូវ តាមផ្នែកខ្លួន ក្រុមឃោសនាផ្សាយផ្ទាល់របស់ខេត្ត ផងដែរ ។
អំណោយភាគច្រើន បានពីរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលក្នុងនោះ បានពីលោក កែ គឹមយ៉ាន និងមួយផ្នែកទៀត បានពីសប្បុរសជននានា៕/V-PC