ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ លោក ចៅ គឹមហាន និងលោកស្រី ឆាន់ សោយ៉ាន់ ពលរដ្ឋបារាំងដើមកំណើតខ្មែរ សែស្រឡាយចិន បានចូលរួមក្នុងពិធីសំណេះ សំណាល និងពិសាអាហារសាមគ្គី នៅសាលារៀនខ្មែរ ចិន ចុងវ៉ា នាភូមិប្រឡាយហ្លួង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ហើយបានបញ្ជាក់ពីការបន្តឧបត្ថម្ភ ការកសាងសមិទ្ធផល នៅសាលារៀនមួយនេះ ។

លោកឧកញ៉ា អុឹង វ៉ាន់ម៉ៅ ប្រធានសមាគមខ្មែរ-ចិន មង្គលបុរី និងលោកនាយកសាលា នេះ បានមានប្រសាសន៍ឱ្យដឹង កាលពីថ្ងៃទី ១២ វិច្ឆិកា ឆ្នាំ២០២៣ ថា សាលារៀនខ្មែរ ចិនចុងវ៉ា ស្រុកមង្គលបូរី បានបង្កើតឡើង នៅឆ្នាំ២០០០ ។ ដល់ឆ្នាំសិក្សា ២០២៣ -២៤ ខាងមុខ សាលាមានសិស្សកើនឡើងដល់ ៨៤៤ នាក់ ស្រី ៤១២ នាក់ បុគ្គលិក ៤៦ នាក់ ស្រី ៣៧ នាក់ ។ ក្នុងនោះ ការសិក្សាពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៩ មាន ២ វេន ពេលព្រឹក បង្រៀនភាសាអង់គ្លេស និងភាសាចិន និងរសៀល បង្រៀនភាសាខ្មែរ គឺពីថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ។

ក្នុងនោះដែរ ចំពោះលទ្ធផល នៃការសិក្សា ឆ្នាំ២០២១-២២ កន្លងមក គឺបានល្អ សិស្ស ជាប់ ១០០% ។ ជាមោទនភាព ក្នុងចំណោមសាលារៀន ២៣០ នៅទូទាំងប្រទេស ឬដោយឡែក ១៣ សាលា ក្នុងខេត្តបន្ទាយមានជ័យ ក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសសិស្សថ្នាក់ទី៨ នៃសាលារៀនចុងវ៉ានេះ ចំនួន ៣០ នាក់ ឱ្យទៅចូលរួម ធ្វើតេស្តថ្នាក់ជាតិ លើមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា និង រូបវិទ្យា ។

លោកនាយកសាលា បានបន្តថា ចំពោះការងារកសាងអគារសិក្សាជាន់ទី២ គឺយោង តាមកំណើនសិស្ស តែខ្វះបន្ទប់រៀន។ ហេតុនេះ ក្នុងអាណត្តិទី៦ នៃសមាគមខ្មែរ ចិន ស្រុកមង្គលបូរី មានលោកឧកញ៉ា អ៊ឹង វណ្ណម៉ៅ ជាប្រធាន សមាគមបានឯកភាពកសាង អគារសិក្សាថែម ១ជាន់ទៀត មានក្រឡាផ្ទៃ ១.០៨០ ម៉ែត្រក្រឡា ស្មើនឹង ១០ បន្ទប់ (គឺបន្ទប់រៀន៨ បន្ទប់កុំព្យួទ័រ១ និងទីចាត់ការ១) គម្រោងទឹកប្រាក់ ១៦ ម៉ឺនដុល្លារ អាម៉េរិក ហើយបានសាងសង់ពីខែមករា ឆ្នាំ២០២៣ មក សម្រេចបាន ៧០% ពោលគឺ នៅសល់ក្រាលការ៉ូ ដាក់ទ្វារ បង្អួច បង្កាន់ដៃ តុ កៅអីសិស្ស , ចាក់បេតុងបំពេញទីធ្លា និងផ្លូវចូល ។ ក្នុងនោះ ចំណូលសប្បុរសជនក្នុង និងក្រៅប្រទេស ព្រមទាំងអតីតសិស្ស ទើបបាន ៧ ម៉ឺនដុល្លារប៉ុណ្ណោះ ឬនៅខ្វះ ៩ ម៉ឺនដុល្លារ ទៀតឯណោះ។

ទោះជាយ៉ាងណា នាពេលជួបជុំគ្នានេះ លោកចៅ គឹមហាន និងលោកស្រី ឆាន់ សោយ៉ាន់ ពលរដ្ឋបារាំងដើមកំណើតខ្មែរ សែស្រឡាយចិន បានឧបត្ថម្ភប្រាក់ ចំនួន ១៣.៣០០ ដុល្លារ សម្រាប់សាងសង់អគារជាន់ទី២ ចំនួន ១បន្ទប់ បំពាក់តុគ្រូ សិស្ស ។
អាចនិយាយថា បើគិតពីបង្កើតសាលានេះមក លោកទាំងពីររូប ដែលជាស្ថាបនិកសាលា និងក្រុមគ្រួសារ សាច់ញាតិ បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ជិត ១០ ម៉ឺនដុល្លារអាម៉េរិក មកហើយ ក្នុងការសាងសង់ និងផ្តល់សម្ភារ:។

ចំណែកលោក ចៅ ឆុង និងលោកស្រី ជា លិញ ពលរដ្ឋខ្មែររស់នៅស្រុកមង្គលបូរី ហើយ សព្វថ្ងៃ ទៅស្នាក់នៅសហរដ្ឋអាមេរិក ដែលជាស្ថាបនិកសាលានេះដែរ ពេលនេះ ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ១៣.៣០០ ដុល្លារ សម្រាប់ការសាងសង់បន្ត និងបំពាក់ ឧបករណ៍ ។

លោក កែ សួន សុភាព អភិបាលរងខេត្តបន្ទាយមានជ័យ កោតសរសើរ និងថ្លែងអំណរ គុណ ដល់ប្រធាន អនុប្រធាន សមាជិកសមាគម នាយក នាយករង លោកគ្រូអ្នកគ្រូ បុគ្គលិក សប្បុរសជនក្នុង និងក្រៅប្រទេស រួមទាំងលោក លោកស្រី មានឈ្មោះ ដូចខាងលើ ក៏ដូចជាមន្ត្រីអាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញ ដែលបានផ្តួចផ្តើម បង្កើត ស្ថាបនាឧបត្ថម្ភ គាំទ្រនិងអភិវឌ្ឍន៍គ្រឹះស្ថានសិក្សាឯកជន គឺសាលារៀនខ្មែរ ចិន ចុងវ៉ា នេះ ដើម្បីរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្ស ។

លោក កែសួន សុភាព បានជំរុញលើកទឹកចិត្ត ឱ្យសមាគមខ្មែរ ចិន ស្រុកមង្គលបូរី ក៏ដូចសាលារៀនចុងវ៉ានេះ ឱ្យបន្តដំណើរការលើទស្សនៈវិស័យ និងបេសកកម្មរបស់ខ្លួន ឱ្យបានលទ្ធផលល្អ មានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវបន្តទៀត ។
ពោលគឺ ការរៀន បង្រៀន ត្រូវតែមានទាំងបរិមាណ និងគុណភាពបន្ថែមទៀត ស្របតាម មុំអភិវឌ្ឍន៍ធនធានមនុស្ស និងគុណភាពអប់រំ ក្នុងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋា ភិបាល អាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ដែរថា ក្នុងពិធីនោះ មានរៀបចំពិសាអាហារសាមគ្គី ដើម្បីបង្កើនភាព ស្និតស្នាល និងអង្គាស ហើយរកបានថវិកាឧបត្ថម្ភការកសាងសមិទ្ធផលបន្ត ៕/V-PC