ដោយ:ពៅនិមល/ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យមូលបត្រកម្ពុជា ជាថ្មីម្តងទៀតបានក្រើនរំលឹកទៅដល់សាធារណជនទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងស្នើឲ្យផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ អំពីការកៀរគរប្រាក់វិនិយោគពីសាធារណជដើម្បីយកទៅវិនិយោគក្នុងវិស័យមូលបត្រ។
លោក សៀង ធីរិទ្ធ អគ្គនាយករងនៃនិយ័តករមូលបត្រកម្ពុជា នៅក្នុងសេចក្តីប្រកាសព័ត៌មាន ក្រោយចប់សិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នការកៀរគរប្រាក់វិនិយោគរបស់ជនខិលខូចមួយចំនួនពីសាធារណជន ដើម្បីយកទៅវិនិយោគ អាចមាន ២រូបភាព ទី១.រូបភាពដែលយកប្រាក់ទៅវិនិយោគលើគម្រោងវិនិយោគណាមួយពិតប្រាកដ ប៉ុន្តែមិនមានអាជ្ញាបណ្ណត្រឹមត្រូវពីនិយ័តករមូលបត្រកម្ពុជា គឺត្រូវបានចាត់ទុកថាជាការធ្វើអាជីវកម្មក្នុងវិស័យមូលបត្រដោយគ្មានអាជ្ញាបណ្ណ និងដោយឡែក ទី២.រូបភាពនៃការប្រមូលប្រាក់វិនិយោគតែមិនមានការវិនិយោគពិតប្រាកដ ដែលការណ៍នេះ គឺជាករណីឆបោក ឬប៉ុនប៉ងឆបោក។
លោកបានបន្ថែមទៀតថា “ខ្ញុំសូមចែករំលែកនូវចំណុចសំខាន់ទាំង២ខាងលើនេះ និងសូមឲ្យអ្នកចូលរួមទាំងអស់ជួយទប់ស្កាត់ និងផ្សព្វផ្សាយបន្តជូនដល់ប្រជាពលរដ្ឋ”។
សូមជម្រាបជូនថា ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងឲ្យកាន់តែទូលំទូលាយ និយ័តករមូលបត្រកម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាស្តីពី “ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ” ក្នុងគោលបំណងផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ថ្មីៗ ព្រមទំាងបញ្រ្ជាបចំណេះដឹងឲ្យបានកាន់តែស៊ីជម្រៅអំពីវិស័យមូលបត្រនៅកម្ពុជា និងជាពិសេសដើម្បីចូលរួមសហការទប់ស្កាត់ទាន់ពេលវេលា និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពប្រមូលប្រាក់ពីសាធារណជនដោយគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន ឬសកម្មភាពប្រមូលប្រាក់ ឬការផ្សព្វផ្សាយទាក់ទាញឲ្យសាធារណជនដាក់ប្រាក់វិនិយោគដោយផ្តល់ ឬសន្យាថានឹងផ្តល់ភាគលាភ/ការប្រាក់ខ្ពស់ខុសធម្មតា ហើយដែលអាចជាករណីឆបោក ឬប៉ុនប៉ងឆបោក ឬអាជីវកម្មមូលបត្រដោយគ្មានអាជ្ញាបណ្ណ និងដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ក៏ដូចជាផលប្រយោជន៍សាធារណជន និងសដ្ឋកិច្ចជាតិផងដែរ។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធនៅខេត្តបាត់ដំបងផងដែរ៕srn / N