​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​ក្នុងអំឡុង​ជំនួប​មួយ​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក ចូកូ វី​ដូ​ដូ បាន​ជំរុញ​អោយ​សម​ភាគី​អាម៉េរិក​លោក ចូ បៃ​ដិន ធ្វើ​កិច្ច​ការ​ច្រើន​ថែមទៀត​ដើម្បី​បញ្ចប់​«​អំពើព្រៃ​ផ្សៃ​»​នៅ​ហ្កា​ហ្សា​និង​ជួយ​បង្កើត​អោយមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​មួយ​នៅ​ទីនោះ​។​

​បញ្ហា​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ហា​ម៉ាស បាន​គ្រប់​ដណ្តប់​លើ​របៀបវារៈ​នៃ​កិច្ចប្រជុំ​រវាង​មេដឹកនាំ​ទាំងពីរ​។​

​វី​ដូ​ដូ មេដឹកនាំ​ប្រទេស​មាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ច្រើន​បំផុត​ក្នុង​លោក បាន​និយាយថា «​ឥណ្ឌូនេស៊ី​អំពាវនាវ​អោយ​អាម៉េរិក​ធ្វើ​ការងារ​ច្រើន​ថែមទៀត​ដើម្បី​បញ្ចប់​អំពើ​ព្រៃផ្សៃ​នៅ​ហ្កា​ហ្សា​» ហើយ»​ត្រូវតែ​មាន​បទ​ឈប់​បាញ់​មួយ​ដើម្បី​ជា​ប្រយោជន៍​មនុស្សធម៌​»​។​

​លោក​វី​ដូ​ដូ បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា លោក​នឹង​នាំ​ទៅ​អោយ​លោកបៃ​ដិន​នូវ​«​សារ​ខ្លាំងណាស់​»​មួយ​ពី​ជំនួប​កំពូល​អារ៉ាប់​និង​ពី​ក្រុម​មេដឹកនាំ​អ៊ីស្លាម​នៅ​ទីក្រុង​រី​យ៉ាដ​កាលពី​ចុង​សប្តាហ៍ ដែល​ពួកគេ​បាន​ថ្កោលទោស​អ៊ីស្រាអែល​និង​សុំអោយ​មាន​បទ​ឈប់​បាញ់​មួយ​ឡើង​។​

​លោក​ក៏​បាន​និយាយថា លោក​នឹង​«​បញ្ជូន​សារ​ជាក់លាក់​មួយ​ពី​ប្រធានាធិបតី​ប៉ាឡេ​ស្ទីន​លោក ម៉ា​មូដ អាប់​បាស់ ដែល​បាន​សុំ​អោយ​ខ្ញុំ​បញ្ជូន​វា​ទៅកាន់​ប្រធានាធិបតីបៃដិ​ន »​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នេះ​។​

​តែ​លោកបៃ​ដិន​នៅតែ​ផ្តោត​លើ​កិច្ច​សហការ​ជាមួយ​ឥណ្ឌូនេស៊ី​ដែល​ទើប​កែប្រែ​ថ្មី​អោយ​ឈាន​ឡើង​ដល់​កំរិត​ខ្ពស់បំផុត គឺ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​។​លោកបៃ​ដិនបាន​និយាយថា «​ជំនួប​នេះ​កត់សំគាល់​យុគ​ថ្មី​មួយ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ អាម៉េរិក​និង​ឥណ្ឌូនេស៊ី​នៅ​គ្រប់​វិស័យ​»​។​

​មេដឹកនាំ​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពី​វត្ថុ​ធាតុ​សំខាន់បាំ​បាច់​សំរាប់​ផលិត​អាគុយរ​ថយ​ន្ត​អគ្គិសនី និង​បច្ចេកវិទ្យា​ថាមពលបៃតង​ផ្សេងៗ ដែល​ឥណ្ឌូនេស៊ី​មាន​ប្រភព​ធនធាន​រ៉ែ​ទាំងនេះ​យ៉ាង​ច្រើន​សម្បើម​។​

​ក្រោយ​កិច្ចពិភាក្សា​នៅ​វិមាន​ពងក្រពើ មេដឹកនាំ​ទាំង​ពីរ​ត្រូវ​ទទួល​ទាន​ទឹកតែ​នៅ​បន្ទប់​គណៈរដ្ឋមន្ត្រី​សេត​វិមាន អមដោយ​ជំនួយការ​របស់​ពួកលោក​។​

​បៃ​ដិន និង វី​ដូ​ដូ ជួប​ពិភាក្សា​នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ

​ជំនួប​នេះ​ធ្វើឡើង​ពីរ​ថ្ងៃមុន​លោកបៃ​ដិន​ជួបពិភាក្សា​ជាមួយ​ប្រធា​នា​ធិបតី​ចិន ស៊ី ជីន​ពីង នៅក្រៅ​ជំនួប​កំពូល​APEC​នៅ​ទីក្រុង​សាន់ ហ្វ្រា​ន​ស៊ី​ស្កូ ។​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​និង​ប៉េកាំង កំពុង​សង្ឃឹមថា​នឹង​ធ្វើអោយ​ទំនាក់ទំនង​របស់គេមាន​ស្ថិរភាព​ឡើងវិញ ចំ​ពេល​មាន​ការប្រកួតប្រជែង​គ្នា​យ៉ាង​តានតឹង​ក្នុង​ការបង្កើត​សម្ពន្ធភាព​នៃ​ក្រុម​ប្រទេស​ដែល​មាន​ចិត្តគំនិត​ដូចគ្នា​៕