ដោយ៖ ដេប៉ូ / ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងបានដាក់ចេញ នូវយុទ្ធនាការកាត់ បន្ថយ ការប្រើប្រាស់ប្លាស្ទិក នាខណៈពេលនេះដែរ នៅប្រទេសនានា លើពិភពលោក ក៏កំពុងឈានចូលកិច្ចចរចាមួយផ្សេងទៀត ក្នុងសប្តាហ៍នេះ ស្តីពីការបង្កើតសន្ធិសញ្ញា លើកដំបូង ដែលមិនធ្លាប់មាន ដើម្បីទប់ស្កាត់ការបំពុល ដោយប្លាស្ទិក នេះផងដែរ។
គួរបញ្ជាក់ថា ការដាក់ចេញនូវយុទ្ធនាការកាត់បន្ថយ ការប្រើប្រាស់ប្លាស្ទិក នៅកម្ពុជា នេះ គេឃើញមានការចូលរួម និងការប្តេជ្ញាចិត្តពី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅតាមសាលារៀន និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ចំនួនជាងពាក់កណ្តាលប្រទេស តាមទិសស្លោក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងការសាទរ ចំពោះការដាក់ ចេញ នូវគោលនយោបាយរបស់ រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលយកចិត្ត ទុកដាក់ខ្ពស់ លើគោលនយោបាយគាំពារប្រជាពលរដ្ឋ ដែលជាក្តីសង្ឃឹមដ៏កក់ក្តៅ របស់ប្រជាពលរដ្ឋ បានដើរទន្ទឹមគ្នានឹងបរិបទ នៃការវិវត្តរបស់ពិភពលោក។ យើងទាំង អស់គ្នា តាមរយៈការផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន នឹងចូលរួមការពារបរិស្ថាន ដើម្បីភាពស្អាត បៃតង និងចីរភាព។
គួរបញ្ជាក់ថា នៅក្នុងកិច្ចចរចា ក្របខណ្ឌអង្គការសហប្រជាជាតិ បណ្តាប្រទេសជា សមាជិក នៅក្នុងសប្តាហ៍នេះ កំពុងពិនិត្យបង្កើតសន្ធិសញ្ញាកាត់បន្ថយប្លាស្ទិកជាសកល នៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា។ ក្រុមមន្ត្រី កំពុងរៀបចំការចរចា លើកឡើងថា តើត្រូវកំណត់បរិមាណប្លាស្ទិក ដែលកំពុងផលិត ឬផ្តោតលើការគ្រប់គ្រងសំណល់ ប្លាស្ទិក។ សន្ធិសញ្ញានេះ បើតាមឲ្យដឹងពីមន្ត្រី ដែលពាក់ព័ន្ធ នឹងដាក់ក្នុងរបៀបវរៈ នៃការចរចា នៅចុងឆ្នាំ ២០២៤ ៕/V/R