ដោយៈបាយ័ន/សៀមរាប៖ ក្រុមបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន ដែលរងការខួចខាតជាច្រើនដោយសារតែកត្តាអាយុកាល កម្តៅថ្ងៃសំណើម និងទឹកភ្លៀង។នេះបើយោងតាមអាជ្ញាធរជាតិអប្សរាកាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
មន្ត្រីបច្ចេកទេសកិច្ចការងារជួសជុលប្រាសាទ លោក ជិន សុខម៉េង បាននិយាយថា ក្រុមអ្នកបច្ចេកទេសបានប្រមូលបំណែកថ្មភក់ ដែលទទួលរងដោយទឹកភ្លៀងហូរច្រោះ បាក់បែកធ្លាក់រាយប៉ាយមកជួសជុលពង្រឹងគ្រឹះឡើងវិញ ដើម្បីកុំឱ្យដីខ្សាច់ហូរចេញ ដែលនាំឱ្យមានការស្រុតស៊ុមទ្វារទាំងសងខាង និងធ្វើឱ្យមានការរង្គៀកផ្នែកខាងលើផង។
លោក សុខម៉េង បញ្ជាក់ថា ការជួសជុលស៊ុមទ្វារផ្នែកខាងលិចនៃប្រាសាទបាយ័ន គឺកំពុងរៀបផ្គុំឡើងវិញទៅតាមទីតាំងដើមនៃសំណង់បុរាណ។ ការជួសជុលនេះ គឺជាការងារអាទិភាពទី១ សម្រាប់ទប់ស្កាត់កុំឱ្យដួលរលំ និងម្យ៉ាងទៀត ផ្តោតទៅលើការថែរក្សាសុវត្ថិភាពភ្ញៀវទេសចរដែលដើរឆ្លងកាត់នៅទីនេះ។
បន្ទាប់ពីបញ្ចប់ការជួសជុលស៊ុមទ្វារនេះ អាជ្ញាធរជាតិអប្សរា នឹងបន្តធ្វើការជួសជុលជញ្ជាំង និងជើងសរសរផ្នែកខាងលិចនៃប្រាសាទបាយ័ន៕សរន / N