ដោយៈ តារារិទ្ធ / ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការដាក់ឲ្យអនុវត្តន៍កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺជាយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាល នៅក្នុងការលើកកម្ពស់សុខមាលភាពប្រជាជន ការបង្កើនឱកាសទទួល បានការបណ្ដុះបណ្ដាលជំនាញ និងជាយុទ្ធសាស្ត្រគន្លឹះ ក្នុងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ។
សម្តេចធិបតី បានថ្លែងដូច្នេះ នាព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគាសុខា រាជធានីភ្នំពេញ។
សម្តេចធិបតី បានបន្តថា កម្មវិធីទាំងពីរ នឹងធ្វើដំណើរស្របគ្នា ជាមួយនឹងយុទ្ធសាស្ត្រ ជាតិ ស្ដីអំពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣-២០២៨ ដែលមានគោលដៅ រួមទីមួយ ផ្ដល់នូវជំនាញ ដើម្បីទទួលបាននូវការងារសមរម្យ និងការប្រកបមុខរបរដោយ ខ្លួនឯង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ និងវិសាល ភាពសេដ្ឋកិច្ច។ ទី២.ការពង្រឹងភាពធុននៃសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលងាយរងផលប៉ះពាល់ ដោយសារជំងឺនិងវិបត្តិសេដ្ឋកិច្ចសកល។ ទី៣.ការបង្កើន លទ្ធភាពឈានចូលសេដ្ឋកិច្ច ក្នុងប្រព័ន្ធ ឲ្យក្លាយជាចលករដ៏សំខាន់ ដែលអាចរួម ចំណែក ដល់ការសម្រេចបានការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព ៕/V-PC