ដោយៈតារារិទ្ធ/ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានថ្លែងថាគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងអស់មិនបានបង្ខិតបង្ខំទេ ប៉ុន្តែអ្វីដែលសំខាន់គឺចង់ឱ្យមានការចូលរួមឱ្យបានច្រើន ពីប្រជាជននិងយុវជន ។

សម្តេចធិបតីថ្លែងបែបនេះនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា២០២៣ នៅ សណ្ឋាគាសុខារាជធានីភ្នំពេញក្នុងឳកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបប ភាគទានដោយស្ម័គ្រចិត្តនិងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្ម វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ។

សម្តេចធិបតីបានស្នើឲ្យក្រសួងការងារយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានគ្រប់ទម្រង់និងរូបភាពឲ្យទូលំទូលាយដើម្បីចំគោលដៅឲ្យប្រជាពលរដ្ឋមានការយល់ដឹងចូលរួមក្នុងកម្មវិធីនេះឲ្យបានច្រើនជាអតិបរមា។

សម្តេចបន្តថាពិតណាស់កិច្ចការទាំងអស់នេះយើងត្រូវយល់អំពី សារៈសំខាន់នៃការទទួលបានព័ត៌មាននិងការយល់ដឹងរបស់ប្រជាជន បើមិនដូច្នេះទេគឺយើងមិនអាចទៅរួចទេគឺត្រូវយកយុទ្ធសាស្ត្រវិស័យឯកជន មកប្រើ ផលិតផលល្អបែបណាក៏ ដោយបើគ្មានការ ផ្សព្វផ្សាយពាណិជ្ជកម្មគឺមិនអាចទាក់ទាញអតិថិជនបានទេគឺមិនអាចឱ្យប្រជាពលរដ្ឋដឹងនិងចូលរួមនោះទេ ។ ពេលខ្លះប្រជាជនអាចសួរមកវិញថាបង្ខំឱ្យខ្ញុំចូលរៀន ចូលរៀនហើយឱ្យខ្ញុំធ្វើអី? ។

សម្តេចធិបតីបន្តថា”គោលនយោបាយយើងទាំងអស់មិនបានបង្ខិតបង្ខំទេ។ ទាំងកម្មវិធីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយទាំងកម្ម វិធីសន្តិសុខសង្គមដោយស្ម័គ្រចិត្តនិងកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យគឺអត់មានបង្ខិតបង្ខំទេ។ប៉ុន្តែអ្វីដែលសំខាន់ដើម្បីឲ្យមានការចូលរួមឱ្យបានច្រើន។ ទីមួយ.ត្រូវផ្សព្វផ្សាយឱ្យដឹងច្បាស់ ,ទីពីរ.ពេលបានហើយត្រូវអនុវត្តឱ្យបានឱ្យគត់មត់និងចំគោលដៅ ៕សរន-PC