​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ការវិភាគ​ថ្មី​មួយ​បាន​រកឃើញថា ការបំភាយ​កាបូន​របស់​ចិន​ទំនងជា​នឹង​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ ២០២៤ ពីព្រោះ​ការកើនឡើង​សមត្ថភាព​ថាមពល​កកើតឡើង​វិញ​ដល់​ចំនួន​កំណត់ត្រា​ឥឡូវ​នេះ​គឺ​គ្រប់គ្រាន់​ដើម្បី​គ្របដណ្តប់​តម្រូវការ​ដែល​កំពុង​កើនឡើង​បាន​ហើយ​។​

​ចិន​គឺ​ជា​ប្រទេស​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ធំ​បំផុត​របស់​ពិភពលោក ហើយ​បាន​ច្រាន​ចោល​ការអំពាវនាវ​ឱ្យ​មាន​គោលដៅ​អព្យាក្រឹតភាព​កាបូន​ដែល​មាន​មហិច្ឆតា​ជាង​គោលដៅ​បច្ចុប្បន្ន​របស់​ខ្លួន​ក្នុង​ឆ្នាំ ២០៦០​។​

​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​និយាយថា ប្រទេស​នេះ​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​មាន ៤៥ ភាគរយ​នៃ​ការបំភាយ​ឧស្ម័នស​ក​លពី​ទ្រព្យសកម្ម​ឥន្ធនៈហ្វូស៊ីល​ដែល​មាន​ស្រាប់​នៅ​ចន្លោះ​ឆ្នាំ ២០២៣ និង ២០៥០​។​

​ប៉ុន្តែ​ចិន​ក៏​បាន​និង​កំពុង​ដំឡើង​សមត្ថភាព​ថាមពល​កកើត​ឡើងវិញ​ក្នុង​ល្បឿន​ដូច​ភ្លេច​បន្ទោរ​ផងដែរ ដោយ​ថាមពលព្រះអាទិត្យ​ថ្មី​ក្នុង​ឆ្នាំ ២០២៣ តែឯង​គឺ​ស្មើ​នឹង​ពីរដង​នៃ​សមត្ថភាព​ដំឡើង​ទាំងមូល​នៅក្នុង​សហរដ្ឋ​អាម៉េរិក នោះ​បើ​យោងតាម​ការវិភាគ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ដោយ​វេបសាយ​អាកាសធាតុ​ដែល​មានមូល​ដ្ឋា​ន​នៅ​ចក្រភព​អង់គ្លេស Carbon Brief​។​

​របាយការណ៍​របស់​លោក ឡូរី មី​ល​លីវៀ​តា (Lauri Myllyvirta) មក​ពី​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ថាមពល​និង​ខ្យល់អាកាស​ស្អាត បានឱ្យដឹងថា “​ការដំឡើង​ថ្មី​នូវ​ថាមពល​ពន្លឺព្រះអាទិត្យ ខ្យល់ វា​រី​អគ្គិសនី និង​នុយក្លេអ៊ែរ ដែល​បាន​បន្ថែម​ក្នុង​ឆ្នាំ ២០២៣ តែឯង នឹង​បង្កើត​ថាមពល​បាន​ប្រហែល ៤២៣ តេ​រ៉ា​វ៉ាត់​ម៉ោង (TWh) ក្នុង​មួយឆ្នាំ ស្មើ​នឹង​ការប្រើប្រាស់​អគ្គិសនី​សរុប​ទូទាំង​ប្រទេស​បារាំង​” ។​

​ការកើនឡើង​ដ៏​ធំ​នៅក្នុង​ការដំឡើង និង​ការ​ស្ទុះ​ងើប​ឡើងវិញ​នៃ​ការបង្កើត​វា​រី​អគ្គិសនី​ដែល​រំពឹង​ទុក​នៅ​ពេល​ដែល​គ្រោះរាំងស្ងួត​បា​នស្រក​ចុះ និង​ការបំពេញ​អាង​ស្តុក​ទឹក “​គឺ​អាច​ធានា​នូវ​ការ​រុញ​ការផលិត​អគ្គិសនី​ពី​ហ្វូ​ស៊ីល​និង​ការបំភាយ​ឧស្ម័ន CO2 ឱ្យ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ ២០២៤”​។​

​ការវិភាគ​នេះ​អះអាង​ថា ការធ្លាក់​ចុះ​បែប​នោះ​គឺ​អាច​ទៀងទាត់ ដោយសារតែ “​អត្រា​នៃ​ការពង្រីក​ថាមពល​កាបូ​ន​ទាប​ឥឡូវនេះ​គឺ​គ្រប់គ្រាន់​មិន​ត្រឹមតែ​អាចបំពេញ​កំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​នៃ​តម្រូវការ​អគ្គិសនី​របស់​ប្រទេស​ចិន​ទាំងមូល​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​លើស​ការរំពឹង​ទុក​ទៀត​ផង​”​។​

​របាយការណ៍​នេះ​គឺ​ផ្អែក​តាម​តួលេខ​ផ្លូវការ​និង​ទិន្នន័យ​ពាណិជ្ជកម្ម​។​

​ទោះជា​យ៉ាងណា​ក៏ដោយ ចិន​នៅ​តែ​បន្ត​ពង្រីក​សមត្ថភាព​ថាមពល​ធ្យូងថ្ម​របស់ខ្លួន ហើយ​របាយការណ៍​នេះ​បាន​ព្រមាន​ថា រឿង​នេះ​កំពុងតែ “​រៀបចំ​ឆាក​សម្រាប់​ការប្រឈមមុខ​ដាក់​គ្នារ​វាង​ក្រុម​ប្រពៃណី​និង​ក្រុម​ផលប្រយោជន៍​ថ្មី​របស់​ប្រទេស​នេះ​។​”

​វេបសាយ Carbon Brief បាន​និយាយថា កំណើន​ថាមពល​កកើត​ឡើងវិញ “​គំរាមកំហែង​ដល់​ផលប្រយោជន៍​នៃ​ឧស្សាហកម្ម​ធ្យូងថ្ម​និង​រដ្ឋាភិបាល​ក្នុង​តំបន់ ជាមួយនឹង​ហានិភ័យ​ខ្ពស់​ចំពោះ​វិស័យ​ធ្យូងថ្ម​។​”

“​ភាគី​ពាក់ព័ន្ធ​ទាំងនេះ​អាច​ត្រូវ​គេ​រំពឹងថា​នឹង​តវ៉ា​នឹង​ការផ្លាស់ប្តូរ​នេះ ដោយ​បង្កើន​ការព្រួយបារម្ភ​អំពី​លទ្ធភាព​បង្ក​ការរំខាន​ដ៏​ធំ​”​។​

​មន្ត្រី​អាកាសធាតុ​ចិន​និង​អាម៉េរិក​បាន​ជួបប្រជុំ​គ្នា​នៅ​ដើម​សប្តាហ៍​នេះ​សម្រាប់​កិច្ចពិភាក្សា​មុន​កិច្ចប្រជុំ COP28 ក្នុង​ខែ​នេះ ដោយ​ភាគី​ទាំងពីរ​បាន​សរសើរ​កិច្ចពិភាក្សា​ប្រកបដោយ​ការស្ថាបនា ដោយ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​នោះទេ​៕

ចិន​កំពុង​ដំឡើង​សមត្ថភាព​ថាមពល​កកើត​ឡើងវិញ​ក្នុង​ល្បឿន​ដូច​ភ្លេច​បន្ទោរ