ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ នៅទីបំផុតតុលាការខេត្តកំពង់ស្ពឺបានចេញ ដីកាបង្គាប់ឱ្យនាំខ្លួនអ្នកដែលបាញ់បោះសេរីបង្កភាពភ័យខ្លាចដល់ប្រជាពលរដ្ឋនៅចម្ការតែលើភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
មន្ត្រីជាន់ខ្ពស់នគរបាលជាតិបានប្រាប់រស្មីកម្ពុជា នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចកំពុងតែចាប់ខ្លួនជនបង្កដែលបានបាញ់បោះសេរីនៅចំការតែលើភ្នំគីរីរម្យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ហើយមកដល់ពេលនេះ តុលាការក៏បានចេញដីកាឱ្យខ្លួនជនបង្កផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
ទាក់ទងករណីនេះ ស្នងការនគរបាលខេត្តកំពង់ស្ពឺឧត្តមសេនីយ៍ទោ សម សាមួន បានបញ្ជាក់ប្រាប់រស្មីកម្ពុជាថា “កំណត់មុខសញ្ញាបាន កំពុងបន្តនិតិវិធី”។ ប៉ុន្តែលោកមិនបានបង្ហាញអត្តសញ្ញាណជនបង្កនៅឡើយទេ។
ទាក់ទងករណីនេះ បន្ទាប់ពីក្រុមខ្មាន់កាំភ្លើងបាញ់បោះសេរីនៅផ្ទះលំហែនៅលើខ្នងភ្នំគិរីរម្យរបស់បុគ្គលមានឥទ្ធិពលឈ្មោះ ឆាយ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា សមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវ ដោយរកឃើញសំបកគ្រាប់កាំភ្លើងខ្លីវែងជាង២០០គ្រាប់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី(ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញ បានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១.១១.២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ ។
តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ៣៨ឆ្នាំ ទាំងពីរនាក់ ជាអ្នកចាំដីផ្ទះចំណុចកើតហេតុ ថា នៅថ្ងៃទី១១.១១.២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំងឱ្យគេរួច ក៏នាំគ្នាទៅសម្រាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា ។កំពុងសម្រាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំឡេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មវិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកឱ្យតែម្ចាស់ផ្ទះឱ្យតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេង៕
របាយការណ៍បានឱ្យដឹងថា វត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុរួមមាន:
-សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់
-សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់
-សំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់៕សរន / N