ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: យុវជនម្នាក់ ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនបានភ្លាមៗ ក្រោយពីធ្វើសកម្មភាពល្បួងមិត្តភក្តិ ទិញស្រារបៀរផឹកជាមួយគ្នា រួចយកកាំបិតចុងស្រួច ចាក់សម្លាប់ ប្លន់យកម៉ូតូ កាលពីវេលាម៉ោង ៧និង៤០ យប់ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចខាងជើងរោងម៉ាស៊ីនកិនស្រូវ អប្សរារ៉ាយ ភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
លោក សម សាក់ ស្នងការរងទទួលផែនព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា មានយុវជនពីរនាក់ បានជួបជុំគ្នាផឹកស៊ី ហើយក្រោយឃើញជន រងគ្រោះ រាងស្រវឹងបន្តិច ជនសង្ស័យ ក៏បានយកកាំបិតចុងស្រួច ធ្វើសកម្មភាពអារក និងចាក់សម្លាប់ជនរងគ្រោះតែម្តង ដើម្បីប្លន់យកម៉ូតូ។ ជនរងគ្រោះ មានឈ្មោះ ណយ ចាន់ណៃ ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរ ជាកម្មកររោងចក្រ រស់នៅភូមិរំលេច សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ។ រីឯជនដៃដល់ មានឈ្មោះ ពេជ្រ រ៉ាវី អាយុ ២០ ឆ្នាំ មុខរបរ កម្មកររោងចក្រដូចគ្នា រស់នៅក្នុងភូមិត្រពាំងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។
ក្រោយកើតហេតុ កម្លាំងនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ហើយ បានស្រាវជ្រាវកំណត់បានមុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់។ កម្លាំងជំនាញ ក៏បានដកហូតវត្ថុតាងដែលបន្សល់ទុក នៅកន្លែងកើតហេតុមាន កូនកាំបិត១ដើម ប្រឡាក់ឈាម ស្បែកជើង១គូ និងស្រាបៀរ ៦កំប៉ុង។
លោកបានបន្តទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនដៃដល់ឈ្មោះ ពេជ្រ រ៉ាវី បានសារភាពថា ខ្លួន និងជនរងគ្រោះ ឈ្មោះ ណយ ចាន់ណៃ គឺជាមិត្តភក្តិស្និតស្នាល រួមការងាររោងចក្រជាមួយគ្នា។ ដោយសារតែស្រឡាញ់កូនស្រីគេ នៅខេត្តតាកែវខ្លាំងពេក ហើយមិនមានលុយ ទៅចូលស្តីដណ្តឹង ទើបសម្រេចចិត្តសម្លាប់មិត្តភក្តិ ដើម្បីប្លន់យកម៉ូតូ ទៅលក់យកលុយឱ្យម្តាយ ចូលស្តីដណ្តឹងនារី ដែលខ្លួនស្រឡាញ់៕ V / N