គិត​មកដល់ពេលនេះ​ចំនួន​យានយន្ត​ដឹក​កម្មករនិយោជិត​មានជាង​បួន​ពាន់​គ្រឿង​

936
ចែករម្លែក

​ដោយ : ពៅ និមល​/​ភ្នំពេញ : តាម​របាយការណ៍​រប​ស់​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករនិយោជិត ហៅ​កាត់ ស​.​ផ​.​ក បាន​ឲ្យ​ដឹងថា រហូតមកទល់​បច្ចុប្បន្ន​យានយន្ត​ដឹក​កម្មករនិយោជិត​ទូទាំង​ប្រទេស ឆ្នាំ​២០១៨ មាន​ចំនួន​៤.៣៦៩​គ្រឿង (​រថយន្ត​ទេសចរណ៍​១.៤៨០​គ្រឿង និង​រថយន្ត​ប្រភេទ​ដឹកទំនិញ​ចំនួន​២.៨៨៩​គ្រឿង​) ក្នុងនោះ​អ្នកមាន​បណ្ណ​បើកបរ​ចំនួន​៣.៨៥៥​នាក់ ស្មើនឹង​៨៨​ភាគរយ និង​អ្នក​គ្មាន​បណ្ណ ៥១៤​នាក់ ស្មើនឹង​១២​ភាគរយ​។​

​យោងតាម​របាយ​ណ៍​ខាងលើ​បញ្ជាក់ទៀតថា គិត​ចាប់ពី​ឆ្នាំ​២០១៣ រហូតដល់ ខែកក្កដា​នេះ ក្រុមការងារ​បាន​បណ្ដុះ​បណ្ដាល​និង​ប្រឡង​យក​បណ្ណ​បើកបរ​របស់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ និយោជិត​មាន​ចំនួន​២២៣​លើក មាន​អ្នកចូលរួម​សរុប​ចំនួន​១០.៤៧២​នាក់​។​

​នៅក្នុង​ពិធី​ចែក​បណ្ណ​បើកបរ​ជូន​អ្នកបើកបរ​យានយន្ដ​ដឹក​កម្មករនិយោជិត​ចំនួន​៦៨​នាក់ នៅ​ខេត្តកំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃទី​១០ ខែសីហានេះ លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​នាយក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) បាន​មានប្រសាសន៍ អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ​ទាំងអស់ បើ​ចេះ​ច្បាប់​និង​មាន​បណ្ណ​បើកបរ​ហើយ ដាច់ខាត​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ពិសេស​ត្រូវគោរព​ក្រ​មសិល​ធម៌​វិជ្ជាជីវៈ​ជំនាញ ជា​អ្នក​បើកបរ​ឱ្យបាន​ត្រឹមត្រូវ​គ្រប់ពេលវេលា​និង​មិនត្រូវ​ធ្វេសប្រហែស​នោះឡើយ ព្រោះថា អាយុជីវិត​កម្មករ​និយោ​ជិត​ទាំងអស់​ត្រូវបាន​ពឹងផ្អែក​ទាំងស្រុង​ទៅលើ​អ្នកបើកបរ​យានយន្ត​ទាំង​ពេល​ទៅ​បំពេញការងារ​និង​ពេល​ត្រឡប់​មកវិញ​។​

​បើ​យោងតាម​របាយការណ៍រ​បស់ ស​.​ផ​.​ក បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​អ្នក​ក​បើកបរ​យានយន្ត​ដឹក​កម្មករ​ចំនួន​១៨​ភាគរយ ពុំទាន់​មាន​បណ្ណ​បើកបរ និង​អ្នកបើកបរ​យានយន្ដ​ដឹក​កម្មករ​ចំនួន​៨៥​ភាគរយ​ផ្សេងទៀត ពុំទាន់​មាន​​បណ្ណ​បើកបរ​ស្របតាម​ប្រភេទ​យានយន្ដ ដែល​ទាមទា​ឱ្យមាន​ការចូលរួម​បណ្ដុះបណ្ដាល​បន្ថែមទៀត​ពី​អ្នក​បើកបរ​យានយន្ត ដើម្បី​ចេះ​ច្បាប់​ចរាចរណ៍​និង​យកទៅអនុវត្ត​ឱ្យបាន​ច្បាស់លាស់ និង​ត្រឹមត្រូវ​៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម